(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការសម្រេចចិត្តដាក់ទណ្ឌកម្មជាថ្មីឡើងវិញរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចូលក្នុងភាពវឹកវរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
លោក ណឺតាន់យ៉ាហ៊ូ ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីបញ្ចប់ការសិក្សាមួយរបស់ក្រុមពីឡុតនៅឯមូលដ្ឋានទ័ពអាកាស ហាត់ហ្សែរីម (Hatzerim) ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់កំពុងធ្លាក់ចូលក្នុងភាពវឹកវរផ្នែកសេដ្ឋកិច្ច ដែលនេះគឺជាលទ្ធផល នៃការសម្រេចចិត្តដាក់ទណ្ឌកម្មឡើងវិញ របស់សហរដ្ឋអាមេរិក ស្របពេលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុង តែលអាវីវ ក្នុងការបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ កំពុងលេចចេញផ្លែផ្កាជាបណ្ដើរៗហើយ»។
គួរបញ្ជាក់ថា បើតាមលោក ណឺតាន់យ៉ាហ៊ូ បាតុកម្មតវ៉ាក្នុងប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ បានបង្ហាញកាន់តែច្បាស់ថា វាគឺជាការចាប់ផ្ដើមនៃការមិនពេញចិត្តរបស់ប្រជាជនអ៊ីរ៉ង់ ចំពោះការដឹកនាំរបស់រដ្ឋាភិបាលតេហេរ៉ង់សព្វថ្ងៃ។ តែយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យ កត់សម្គាល់នោះ ការលើកឡើងបែបនេះរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើឡើងនៅមុនជំនួបនៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះរវាងលោក ពូទីន និងលោក ត្រាំ ដែលត្រូវបានគេរំពឹងថា នឹងលើកយកសំណើរបស់អ៊ីស្រាអែលឱ្យអ៊ីរ៉ង់ដកទ័ពចេញពីស៊ីរី ទៅពិភាក្សាផងដែរ៕