(បាងកក)៖ សមាគមខួងអណ្តូងទឹកថៃនាថ្ងៃសុក្រនេះបានឲ្យដឹងថា ឧបករណ៍ខួងអណ្តូងរបស់ខ្លួន ត្រូវបានដាក់ឲ្យដំណើរហើយ នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុក ដើម្បីតាមរុករកយុវជនកីឡាករបាល់ទាល់ចំនួន ១២នាក់ រួមទាំងជំនួយការគ្រូបង្វឹកម្នាក់របស់ពួកគេ ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំង នៅក្នុងល្អាងភ្នំដែលត្រូវទឹកជន់លិច នៅខេត្តឈៀងរ៉ៃ ចាប់តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
ម៉ាស៊ីនចល័តសម្រាប់ខួងធំៗចំនួន ០៥គ្រឿង ត្រូវបានដាក់ដំណើរការនៅកន្លែងកើតហេតុនាថ្ងៃសុក្រនេះ ខណៈអាជ្ញាធរថៃបានជ្រើសរើសកន្លែងដែលប្រសើរបំផុត ដើម្បីខួងបើកផ្លូវទឹកឲ្យហូរចេញពីល្អាងភ្នំបានរហ័សជាងមុន ប៉ុន្តែវាពុំមែនជារឿងងាយស្រួលនោះឡើយ។ អភិបាលខេត្តឈៀងរ៉ៃលោក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពុំមាននរណាដឹងច្បាស់នោះឡើយថា មានចំនួនទឹកជន់ច្រើនកម្រិតណានោះ ដែលនៅក្នុងល្អាងភ្នំ។ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ កម្រិតទឹកជនន់នៅមាត់ល្អាង បានថយចុះតែ ៣សង់ទីម៉ែត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះ កាលពីចុងឆ្នាំ២០១៦ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់នឹងយប់ថ្ងៃព្រហស្បតិ៍ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តដដែល ក្រោយពីការផ្អាកមួយរយៈខ្លី ហើយមិនទាន់មានតម្រុយអ្វី គួរឲ្យកត់សម្គាល់នោះឡើយ ដោយគ្រាន់តែក្រុមសង្គ្រោះ បានឃើញដានជើងមនុស្ស និងស្បែកជើង ព្រមទាំងវត្ថុប្រើប្រាស់មួយចំនួន ដែលគេជឿជាក់ថា ជារបស់ក្រុមកីឡាករ និងគ្រូបង្ហាត់ទាំង ១៣នាក់៕