(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងពិចារណារើសទីប្រឹក្សាម្នាក់របស់លោក ឱ្យកាន់ដំណែងបន្តជាប្រធានបុគ្គលិកសេតវិមានជំនួសលោក ចន ឃែលី (John Kelly) ដែលត្រូវបានគេរាយការណ៍ថា នឹងចុះចេញពីដំណែងក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
លោក Kelly ជាអតីតឧត្ដមសេនីយ៍អាមេរិកម្នាក់ បានកាន់តំណែងជាប្រធានបុគ្គលិកសេតវិមាន អស់រយៈពេលជិតមួយឆ្នាំមកហើយ ប៉ុន្តែនាពេលថ្មីៗនានេះ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន នាំគ្នាចុះផ្សាយព្រោងព្រាតថា លោកនឹងចុះចេញពីដំណែងក្នុងពេលឆាប់ៗនេះ។
មិនតែប៉ុណ្ណោះ ពួកគេថែមទាំងអះអាងផងដែរថា លោក ត្រាំ កំពុងពិចារណាលើបេក្ខជនពីររូប ក្នុងនោះរួមមាន លោក មីក មូលវ៉ាណេយ (Mick Mulvaney) ដែលជានាយកកញ្ចប់ថវិកាសេតវិមាន និងជាអតីតសមាជិកសភាមួយរូប ព្រមទាំងបេក្ខជនម្នាក់ទៀត គឺជាប្រធានបុគ្គលិកនៃការិយាល័យអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) គឺលោក ណីក អាយឺស៍ (Nick Ayers)។
តែទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យសេតវិមានលោកស្រី លីនសេយ វ៉លធើស៍ (Lindsay Walters) បានប្រាប់អ្នកសារព័ត៌មានថា លោក ត្រាំ និងលោក John Kelly សុទ្ធតែបានច្រានចោលព័ត៌មានទាំងនេះដោយលោក ត្រាំ ហៅថា ជាព័ត៌មានក្លែងក្លាយ រីឯលោក Kelly ចាត់ទុកថាជា ព័ត៌មានមួយសម្រាប់លោក៕