(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងនៅឯព្រឹទ្ធសភាអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងមិនទាន់បានចាត់វិធានការបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់ជីវិតកាលពីអំឡុងសម័យសង្រ្គាមកូរ៉េ ខណៈការអះអាងនេះ គឺផ្ទុយពីសម្តីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយកន្លងមកបានប្រាប់ថា កូរ៉េខាងជើងបានចាប់ផ្តើមប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក មកកាន់ប្រទេសកំណើតវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
សំណួរដែលជីកសួរថា តើដំណើរការខាងលើ បានពិតជាបានប្រព្រឹត្តទៅដូចសម្តីរបស់លោក ដូណាល់ ត្រាំ ដែរឬអត់នោះ ត្រូវបានធ្វើឡើងដោយព្រឹទ្ធសមាជិកអាមេរិកប្រចាំរដ្ឋ ញូហិមភ៍ភើ (New Hampshire) ដែលមកពីបក្សប្រជាធិបតេយ្យគឺលោកស្រី ស៊ីនធា ហ្សាហ៊ីន (Cynthia Shaheen)។ លោក Pompeo បានគូសបញ្ជាក់ដូច្នេះថា «យើងមិនទាន់ទទួលបានអដិ្ឋធាតុពួកគេ (ទាហានអាមេរិក) នៅឡើយទេ»។
តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបើកកិច្ចជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News ថា ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមប្រគល់ អដ្ឋិធាតុរបស់ទាហានដ៏អង់អាចរបស់អាមេរិក ដែលបានស្លាប់ចោលឆ្អឹងនៅលើទឹកដីកូរ៉េខាងជើង មកវិញហើយ ទោះបីជាពុំមាននរណាម្នាក់ធ្លាប់គិតថា វាអាចទៅរួចក៏ដោយក្តី។
គួរជម្រាបថា បើតាមក្រសួងការពារជាតិអាមេរិក កងទ័ពអាមេរិកជិត ៨,០០០នាក់ ដែលបានចូលរួមក្នុងសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ នៅមិនទាន់ទទួលបានអដ្ឋិធាតុមកវិញនៅឡើយទេ ហើយលើកចុងក្រោយដែលកូរ៉េខាងជើង បានបញ្ជូនអដ្ឋិធាតុទាហានអាមេរិកនោះ គឺកាលពីឆ្នាំ២០០៧ នៅពេលអតីតឯកអគ្គរដ្ឋទូតអាមេរិក បានខិតខំសម្រេចបាននូវការប្រគល់មកវិញ នូវអដិ្ឋធាតុទ័ពអាមេរិកចំនួន ០៦នាក់៕