(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសឲ្យដឹងថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងទ័ពរុស្ស៊ី នឹងសម្រេចបានគោលដៅដែលកំណត់ទុក នៅឆ្នាំ២០២១ គឺរហូតដល់ទៅ ៧០ភាគរយ នៃចំនួនសព្វាវុធសរុបទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បើតាមលោក វ៉្លាឌីមៀ ពូទីន ការធ្វើទំនើបកម្មដោយការបំពាក់សព្វាវុធទំនើបៗ និងថ្មីៗនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ី នាពេលនេះគឺសម្រេចបាន ៦០ភាគរយ ហើយបុរសខ្លាំងរុស្ស៊ីរូបនេះបានរំពឹងថា មហាយក្សយោធាលេខ ២ លើលោកមួយនេះ នឹងសម្រេចដូចគោលដៅកំណត់ទុកឲ្យបាន ៧០ភាគរយ នៅឆ្នាំ២០២១។
បន្ថែមពីខាងលើនេះទៀត លោក ពូទីន បានឲ្យដឹងថា ចំនួននៃបរិក្ខាយោធា និងសព្វាវុធទំនើបៗនៅក្នុងជួរកងទ័ពរុស្ស៊ី នាពេលនេះគឺជិត ៦០ភាគរយ ខណៈកាលពី ០៦ឆ្នាំមុន គឺរុស្ស៊ីមានសព្វាវុធថ្មីៗ និងទំនើបៗមិនដល់ ១៦ភាគរយនោះឡើយ នៅក្នុងជួរកងទ័ពរបស់ខ្លួន ដែលប្រការនេះបានបង្ហាញថា ក្នុងរយៈពេលតែ ០៦ឆ្នាំ កងទ័ពរុស្ស៊ីមានការអភិវឌ្ឍផ្នែកសព្វាវុធ ខ្លាំងក្លាបំផុត។
គួរជម្រាបថា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបាននិងកំពុងធ្វើទំនើបកម្មយ៉ាងសកម្ម ទៅលើបរិក្ខាយោធា និងសព្វាវុធរបស់ខ្លួន។ បើតាមគម្រោងវិស័យយោធាសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៧ របស់រុស្ស៊ី ទីក្រុងម៉ូស្គូគ្រោងនឹងចំណាយលុយ ៣១៨ពាន់លានដុល្លារ ដើម្បីកែលម្អបរិក្ខាក៏ដូចជាសព្វាវុធយោធា៕