(ម៉ូស្គូ)៖ សេតវិមាន និងវិមានក្រឹមឡាំងបានទទួលស្គាល់ជាផ្លូវការហើយថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ឌីមៀ ពូទីន នឹងត្រូវប្រព្រឹត្តទៅនៅឯទីក្រុង ហ៊ែលស៊ីងគី (Helsinki) ប្រទេសហ្វាំងឡង់នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេតវិមាន និងវិមានក្រឹមឡាំង មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាពីស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាសន្តិសុខអន្តរជាតិជាដើម។ បន្ថែមពីលើនេះ ប្រធានបទនៃកិច្ចពិភាក្សាក៏អាចនឹងផ្ដោតសំខាន់ ផងដែរលើស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងសង្រ្គាមនៅក្នុងប្រទេសស៊ីរី។
គួរជម្រាបថា ការប្រកាសពីជំនួបរវាងលោក ពូទីន និងលោក ត្រាំ កើតមានឡើងបន្ទាប់ពីទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធកន្លងទៅក្នុងទីក្រុងម៉ូស្គូ ជាទីដែលលោក ពូទីន ផ្ទាល់បានសម្ដែងក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Bolton នឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ វិលទៅភាពប្រក្រតីឡើងវិញ ចំពោះមុខទំនាក់ទំនង អាមេរិក-អឺរ៉ុប ដែលកំពុងរង្គោះរង្គើរ៕