|(បាងកក)៖ មកដល់ខ្ទង់ម៉ោង ១០៖០០នាទីយប់ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈភ្លៀងធ្លាក់យ៉ាងសន្ធប់បានកើតមានឡើងនាំឲ្យទឹកចាប់ផ្តើមជោរជន់មកវិញរឹងតែខ្លាំង នៅតំបន់រូងភ្នំ ថាមលួង ក្នុងខេត្តឈៀងរ៉ៃ ដែលក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់កំពុងជាប់ខ្លួននោះ ។ នេះបើតាមការចេញផ្សាយដោយ Bangkok Post នៅមុននេះបន្តិចនាយប់ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ខណៈនេះឧបករណ៍រុករក ខួង និងបូមទឹកត្រូវបានយកចេញពីរូងភ្នំសិន ដោយត្រូវរង់ចាំកម្រិតទឹកជំនន់ស្រកចុះ ទើបប្រតិបត្តិការសង្គ្រោះអាចបន្តទៅទៀតបាន។
សមាជិកកីឡាករដែលមានគ្នាក្មេងៗ ១២នាក់ (អាយុពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ) និងគ្រូបង្វឹកម្នាក់អាយុ ២៥ឆ្នាំ ខាងលើនេះបានបាត់ខ្លួននៅក្នុងរូងភ្នំខាងលើនេះ អស់រយៈ០៥ថ្ងៃមកហើយ ដោយក្រុមអ្នកជំនាញជឿជាក់ថា ពួកគេបានរុលចូលយ៉ាងជ្រៅ ទៅក្នុងរូងភ្នំដែលមានជម្រៅ ១០គីឡូម៉ែត្រនេះ ដោយសារតែផ្លូវដែលពួកគេត្រូវចេញមកវិញ ត្រូវបានទឹកលិចក្រោយភ្លៀងធ្លាក់ខ្លាំង។
សម្រាប់ក្រុមសង្គ្រោះមានទាំងក្នុងស្រុក និងមកពីអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិកនៅតែបន្តធ្វើការស្វែងរកវិធីជួយសង្គ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាចមិញនេះ ក៏បានចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីពិនិត្យសកម្មភាពជួយសង្គ្រោះ និងលើកទឹកចិត្តសមាជិកក្រុមគ្រួសារនៃមនុស្សទាំង ១៣នាក់ ដែលកំពុងតែជួបទុក្ខលំបាកនាគ្រានោះ។
គួរបញ្ជាក់ថា បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះ កាលពីចុងឆ្នាំ២០១៦ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់នឹងយប់ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តដដែល ហើយមិនទាន់មានតម្រុយអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ដោយគ្រាន់តែក្រុមសង្គ្រោះ បានឃើញដានជើងមនុស្សមួយ ដែលគេជឿជាក់ថា ជាសមាជិកមួយក្នុងចំណោម ១៣នាក់ ប៉ុណ្ណោះ៕