(ម៉ុមបៃ)៖ យន្តហោះខ្នាតតូចមួយគ្រឿងមាន ១២កៅអី ដែលបានធ្លាក់ទៅលើការដ្ឋានសាងសង់អគារខ្ពស់មួយ ក្នុងទីក្រុងម៉ុមបៃ ភាគខាងត្បូងប្រទេសឥណ្ឌានោះ បានបណ្តាលឲ្យមនុស្សទាំងអស់ ០៥នាក់ បាត់បង់ជីវិត។ នេះបើតាមសារព័ត៌មាន Nation ចេញផ្សាយនាយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ទូរទស្សន៍ក្នុងតំបន់របស់ឥណ្ឌាបានចេញផ្សាយនូវវីដេអូ បង្ហាញអំពីផ្សែងពណ៌ខ្មៅ ហុយពីលើអគារកំពុងតែស្ថិតនៅក្នុងការសាងសង់ ដែលត្រូវបានយន្តហោះខ្នាតតូចនោះធ្លាក់ចំពីលើតែម្តង បណ្តាលឲ្យអ្នកជិះនៅលើយន្តហោះទាំងអស់ ០៤នាក់ស្លាប់ និងកម្មករសំណង់ដែលនៅលើការដ្ឋាននោះម្នាក់ ក៏បានស្លាប់ផងដែរ ដោយសារតែត្រូវយន្តហោះធ្លាក់ចំ ពេលកំពុងធ្វើការងារ។
គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា យន្ដហោះខ្នាតតូចមួយគ្រឿង ជាកម្មសិទ្ធិរបស់អាជ្ញាធរនៅក្នុងតំបន់នៃរដ្ឋ យូតតារ ប្រាដែស (Uttar Pradesh) បានធ្លាក់នៅអំឡុងពេលចុះចតលើទីប្រជុំមួយ ស្ថិតនៅជាយទីក្រុង ម៉ុមបៃ (Mumbai)។ សម្រាប់ការសន្និដ្ឋានអំពីមូលហេតុធ្លាក់នោះ គឺអាចជាការបញ្ជាយន្តហោះខុសបច្ចេកទេស ដោយពីឡុតនៅលើនោះ៕