(បាងកក)៖ ក្រុមសង្គ្រោះនៃប្រទេសថៃ កំពុងតែប្រើគ្រឿងចក្រខ្នាតធំ ខួងចូលជញ្ជាំងនៃភ្នំតែម្តង ដើម្បីពន្លឿនការបង្ហូរទឹកចេញពីរូងភ្នំ ដែលក្មេងៗកីឡាករ និងគ្រូបង្វឹកពួកគេសរុបមានគ្នា ១៣នាក់ បានជាប់នៅក្នុងរូងភ្នំឈ្មោះ ថាមលួង នៃខេត្តឈៀងរ៉ៃ នេះតាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Nation នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
សមាជិកកីឡាករដែលមានគ្នាក្មេងៗ និងគ្រូបង្វឹកសរុប ១៣នាក់ ខាងលើនេះបានបាត់ខ្លួននៅក្នុងរូងភ្នំខាងលើនេះ អស់រយៈ០៥ថ្ងៃមកហើយ ដោយក្រុមអ្នកជំនាញជឿជាក់ថា ពួកគេបានរុលចូលយ៉ាងជ្រៅ ទៅក្នុងរូងភ្នំដែលមានជម្រៅ ១០គីឡូម៉ែត្រនេះ ដោយសារតែផ្លូវដែលពួកគេត្រូវចេញមកវិញ ត្រូវបានទឹកលិចក្រោយភ្លៀងធ្លាក់ខ្លាំង។
សម្រាប់ក្រុមសង្គ្រោះមានទាំងក្នុងស្រុក និងមកពីអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិកនៅតែបន្តធ្វើការស្វែងរកវិធីជួយសង្គ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាចមិញនេះ ក៏បានចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីពិនិត្យសកម្មភាពជួយសង្គ្រោះ និងលើកទឹកចិត្តសមាជិកក្រុមគ្រួសារនៃមនុស្សទាំង ១៣នាក់ ដែលកំពុងតែជួបទុក្ខលំបាកនាគ្រានោះ។
គួរបញ្ជាក់ថា បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះ កាលពីចុងឆ្នាំ២០១៦ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់នឹងយប់ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តដដែល ហើយមិនទាន់មានតម្រុយអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ដោយគ្រាន់តែក្រុមសង្គ្រោះ បានឃើញដានជើងមនុស្សមួយ ដែលគេជឿជាក់ថា ជាសមាជិកមួយក្នុងចំណោម ១៣នាក់ ប៉ុណ្ណោះ៕