(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបញ្ជូនក្រុមអ្នកជំនាញ មកពីទីបញ្ជាកងនាវាអាមេរិកប្រចំាតំបន់ប៉ាស៊ីហ្វិក ឱ្យ ទៅចូលរួមក្នុងប្រតិបត្តិការតាមស្វែងរកមនុស្សទាំង ១៣នាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងរូងភ្នំមួយកន្លែងមានឈ្មោះថា ម៉ែសៃ (Mae Sai) នៅក្នុងខេត្ត ឈៀងរ៉ៃ (Chiang Rai)៕
២៖បេសកជនពិសេសអង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី លោក Staffan de Mistura បានព្រមានថាការវាយ ប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមស៊ីរី អាចផ្ទុះឡើងកាន់តែខ្លាំងនៅភាគនិរតីនៃប្រទេស ខណៈប្រជាជន៥០,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង៕
៣៖ គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានបង្កឲ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ហើយ ខណៈ០៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសវៀតណាម តាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ៕
៤៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis នៅថ្ងៃព្រហស្បតិ៍នេះ បានធានាថាទីក្រុងវ៉ាស៊ីនតោននឹងនៅតែរក្សាដដែលនូវ ការប្ដេជ្ញាចិត្តការពារសន្ដិសុខកូរ៉េខាងត្បូងយ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការរក្សាវត្តមានកងទ័ពអាមេរិក ក្នុងពេលបច្ចប្បន្ន បើទោះជាមន្ត្រីទូតនៃប្រទេសទាំងពីរកំពុងស្វែងរកកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងក៏ដោយ៕
៥៖ ប្រធានអង្គការ NASA ទើបឡើងកាន់តំណែងថ្មីៗ លោក ជិម ប្រាយដិនស្តាញ (Jim Bridenstine) ដែលត្រូវបានជ្រើសរើសផ្ទាល់ដៃដោយលោក ដូណាល់ ត្រាំ ដើម្បីឲ្យធ្វើការដឹកនាំស្ថាប័នអវកាសឈានមុខគេមួយនេះនោះ បានចេញមុខបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតទ័ពអវកាសរបស់លោកប្រធានាធិបតីអាមេរិក បើទោះបីជាពិភពលោកមានការព្រួយបារម្ភក៏ដោយ៕
៦៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានហៅអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផែន (Mike Pence) ថាជា «សត្វពស់អសិរពិសមួយក្បាល» ហើយសន្យាថា នឹងយកជ័យជម្នះឱ្យបានលើអ្វីដែលលោកចាត់ទុកថាជាការប៉ុនប៉ងរបស់ សហរដ្ឋអាមេរិក ដើម្បីទម្លាក់រូបលោកពីអំណាច៕