(បាងកក)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបញ្ជូនក្រុមអ្នកជំនាញ មកពីទីបញ្ជាកងនាវាអាមេរិកប្រចំាតំបន់ប៉ាស៊ីហ្វិក ឱ្យ ទៅចូលរួមក្នុងប្រតិបត្តិការតាមស្វែងរកមនុស្សទាំង ១៣នាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងរូងភ្នំមួយកន្លែងមានឈ្មោះថា ម៉ែសៃ (Mae Sai) នៅក្នុងខេត្ត ឈៀងរ៉ៃ (Chiang Rai)។ នេះបើតាមស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក ដកស្រង់ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតអាមេរិកបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំង ចំពោះការបាត់ខ្លួនរបស់ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ នៅក្នុងរូងភ្នំ ម៉ែសៃ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិត ភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាងគេបំផុតទី០៤ របស់ថៃ។ ស្ថានទូរអាមេរិក បានលើកឡើងដូច្នេះថា «ទីបញ្ជាការកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួន តាមសំណើពីរដ្ឋាភិបាលថៃ ហើយពួកគេ បានទៅដល់ខេត្ត Chiang Rai ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ»។
គួររំលឹកថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ។ ក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាងគេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិចដោយសារតែ ភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ។
ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីទីតាំងស្ថិតនៅ របស់អ្នកបាត់ខ្លួនទាំងអស់ក្នុងរូងភ្នំនៅឡើយទេហើយក៏ មិនមានការអះអាងថា ពួកគេនៅមានជីវិត ស្របពេលនាយករដ្ឋមន្រ្តីថៃ កំពុងធ្វើដំណើរទៅកាន់ ទីកន្លែងកើតហេតុនៅល្ងាចនេះ។ បន្ថែមពីនេះទៀត អ្នកមុជទឹកក៏បានរកឃើញទ្រព្យសម្បត្តិមួយចំនួនផងដែររបស់ក្មេងៗទាំងនោះដូចជាមួកជាដើម ខណៈព្រះសង្ឃកំពុងសូត្រមន្តរំដោះគ្រោះ និងក្រុមគ្រួសារអ្នកបាត់ខ្លួនកំពុងរង់ចាំ ហើយបួងសួងតាមអបិយជំនឿរបស់ជនជាតិថៃ ទាំងទឹកភ្នែកស្ទើរគ្រង់ៗគ្នា៕