(ម៉ូស្គូ)៖ ក្រុមតោកំណាចអង់គ្លេស នឹងប៉ះក្រុមខ្លាំងនៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក ស្របពេលទុយនេស៊ី នឹងប្រកួតបង្រ្គប់កិច្ច ជាមួយប៉ាណាម៉ា នៅម៉ោង ១រំលងអាធ្រាត្រនេះបញ្ចប់វគ្គសន្សំពិន្ទុនៃពូល G នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ទាំងប៊ែលហ្ស៊ិក និងអតីតម្ចាស់ជើងឯក World Cup 1966 អង់គ្លេស សុទ្ធបានតែកក់កៅអី១ទៅវគ្គ១៦ក្រុមចុងក្រោយ ដូចគ្នា បន្ទាប់ពីឆ្លងកាត់២ប្រកួតសន្សំពិន្ទុក្នុងពូល G នាពេលកន្លងមក ដែលត្រូវបានប្រកួតខ្វែងពូលជាមួយពូល H ជាមួយនឹងក្រុមមកពីអាហ្រ្វិក ទុយនេស៊ី និងក្រុមមកពីអាមេរិកខាងជើង ប៉ាណាម៉ា ហាលអាវដូចគ្នា ដោយបានឆ្លងកាត់ ២ប្រកួតចាញ់ស្ពឹកមុខដូចគ្នា។
២ប្រកួតរបស់អង់គ្លេស រកបាន៦ពិន្ទុពេញ ជាមួយនឹងគ្រាប់ស៊ុតបញ្ចូលទីគូប្រកួត ៨គ្រាប់ និងរបូតវិញ២គ្រាប់ប៉ុណ្ណោះ ដោយបានយកឈ្នះទុយនេស៊ី ២-១ មុនមកបំបាក់ប៉ាណាម៉ា ៦-១ ក្រុមមានរហស្សនាម «បិសាចក្រហម ប៊ែលហ្ស៊ិក» ឆ្លងកាត់២ប្រកួតដូចគ្នា រកបាន ៦ពិន្ទុ ស៊ុតបញ្ចូលទីគេបាន ៨គ្រាប់ និងរបូតវិញ ២គ្រាប់ផងដែរជាមួយនឹងការបំបាក់ប៉ាណាម៉ា ៣-០ នៅជុំទី១ មុនមកលត់ទុយនេស៊ី ៥-២៕