(យូអិន)៖ បេសកជនពិសេសអង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី លោក Staffan de Mistura បានព្រមានថាការវាយ ប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមស៊ីរី អាចផ្ទុះឡើងកាន់តែខ្លាំងនៅភាគនិរតីនៃប្រទេស ខណៈប្រជាជនរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
លោក Staffan de Mistura ធ្វើការព្រមានបែបនេះក្នុងសន្និសីទមួយនៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ថ្លែងនាឱកាសនោះ បេកសកជនពិសេសរូបនេះ បានបញ្ជាក់ដែរថា ការវាយប្រយុទ្ធគ្នាកាលពីសប្ដាហ៍មុនរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមស៊ីរី បានបងំ្ខឱ្យប្រជាជនជិត ៥០,០០០នាក់ នៅភាគនិរតីនៃប្រទេសរត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួន ខណៈការវាយប្រយុទ្ធគ្នានៅលើ ដី តាមផ្លូវអាកាស រួមទាំងការបាញ់បោះដាក់គ្នាទៅវិញទៅមករវាងភាគីទាំងពីរ នៅតែបន្តកើតមានមកទល់ពេលនេះ។
សូមជម្រាបថា លោក Staffan de Mistura ក៏បានជំរុញផងដែរឱ្យភាគីជម្លោះទាំងអស់ប្រើប្រាស់បណ្ដាញទំនាក់ទំនងដែលមាន ស្រាប់ ដើម្បីការពារជនស៊ីវិល ក៏ដូចជាជួយជម្លៀសពួកគេចេញពីជម្លោះ៕