(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយត្រូវបានត្រឹមតែស្មើប៉ុណ្ណោះពេលប៉ះប៉ូឡូញរាត្រីនេះ ដើម្បីឈ្នះកៅអី១ ឡើងទៅវគ្គ១៦ក្រុមចុង ក្រោយ ក្នុងចំណោម ៤គូដែលប្រកួតបិទពូល G និងពូល H រាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ។
ជប៉ុន បានក្លាយជាក្រុមចុងក្រោយគេ បន្ទាប់ពី៤ក្រុមផ្សេងទៀតនៅអាស៊ីហាលអាវអស់ហើយនោះមានដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អូស្រ្តាលី និងកូរ៉េខាងត្បូង ដែលត្រូវជួបក្រុមនៅប្លុកអឺរ៉ុប ប៉ូឡូញនាម៉ោង ៩យប់នេះ ម៉ោងដំណាលគ្នា សេណេហ្គាល់ ប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
បច្ចុប្បន្ន ជប៉ុន កំពុងមាន ៤ពិន្ទុឈរនៅកំពូលតារាងនៃពូល H បណ្តោះអាសន្ន តាមពីក្រោយដោយក្រុមអាហ្រ្វិក សេណេហ្គាល់ មាន៤ពិន្ទុស្មើគ្នា ក្រុមលេខ៣ កូឡុំប៊ី មាន៣ពិន្ទុ និងក្រុមហាលអាវប៉ូឡូញ ឈរបាតតារាងគ្មានពិន្ទុរាប់ នោះទេ ក្រោយចាញ់២ប្រកួតជាប់គ្នាក្រោមថ្វីជើងរបស់សេណេហ្គាល់ និងកូឡុំប៊ី។
ក្នុងជំនួបបិទពូល H នាម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ដែលត្រូវបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមដែលត្រូវប្រកួតខ្វែងពូលជាមួយនឹងពូល G ដែលមានអង់គ្លេស និងប៊ែលហ្ស៊ិក គឺជាក្រុមបានឆ្លងផុតពូល បន្ទាប់ពីឈ្នះ២ប្រកួតដូចគ្នា។
សម្រាប់២ប្រកួតដែលបញ្ចប់ពូល G វិញនោះ គឺជាការជួបគ្នារវាងក្រុមកំពូលតារាងតោកំណាចអង់គ្លេស ត្រូវជួបក្រុម លេខ២ ប៊ែលហ្ស៊ិក ម៉ោង ១រំលងអាធ្រាត្រនេះ បង្រ្គប់កិច្ចក្នុងវគ្គសន្សំពិន្ទុ និងក្នុងនាមជាក្រុមបានកក់កៅអីទៅវគ្គ ១៦ក្រុមដូចគ្នា និង១ប្រកួតទៀត ក្រុមហាលអាវដូចគ្នា ទុយនេស៊ី ត្រូវប៉ះប៉ាណាម៉ា មុនឡើងយន្តហោះត្រឡប់ទៅផ្ទះវិញដូចគ្នា ក្រោយឆ្លងកាត់ប្រកួតជុំទី១ និងជុំទី២ ចាញ់ដូចគ្នា៕