(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis នៅថ្ងៃព្រហស្បតិ៍នេះ បានធានាថាទីក្រុងវ៉ាស៊ីនតោននឹងនៅតែរក្សា ដដែលនូវការប្ដេជ្ញាចិត្តការពារសន្ដិសុខកូរ៉េខាងត្បូងយ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការរក្សាវត្តមានកងទ័ពអាមេរិក ក្នុងពេល បច្ចប្បន្ន បើទោះជាមន្ត្រីទូតនៃប្រទេសទាំងពីរកំពុងស្វែងរកកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងក៏ដោយ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីកូរ៉េខាងត្បូង លោក Song Young-moo លោក Mattis ក៏បានការពារផងដែរការ សម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលនាំទៅរកបញ្ឈប់ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ Freedom Guardian ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែសីហាខាងមុខនេះ។ លោក Mattis បានលើកឡើងនាឱកាសនោះដូច្នេះថា៖«ការសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធា Freedom Guardian បានបង្កើតឱកាសកាន់ តែច្រើនឡើងសម្រាប់អ្នកការទូតរបស់យើងក្នុងការចរចា ស្វែងរកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា លោក Mattis ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបំពេញដំណើរទស្សនកិច្ចដ៏ខ្លីមួយ ទៅកាន់ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយបញ្ចប់ទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំង៕