(ហាណូយ)៖ វៀតណាមរកបានចំណូលចំនួន១.២ពាន់លានដុល្លារ ពីការនាំចេញបន្លែនិងផ្លែឈើ ទៅកាន់ប្រទេសចិន នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០១៨នេះ ដែលវាមានការកើនឡើង១៨.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
នៅអំឡុងពេល០៦ខែនេះ ចិននៅតែបន្តជាទីផ្សានាំចេញផលិតផលបន្លែ-ផ្លែឈើធំជាងរបស់ប្រទេសវៀតណាម ដោយអតិថិជនបន្តបន្ទាប់ទៀតរួមមានសហរដ្ឋអាមេរិក ផ្តល់ចំណូលឲ្យវៀតណាម៥០លានដុល្លារ ក្នុងអត្រាកំណើនប្រចាំឆ្នាំ១៤.៦ភាគរយ, ជប៉ុន ផ្តល់ចំណូល៤៦.៧លានដុល្លារ ជាមួយអត្រាកំណើន០៨ភាគរយ, កូរ៉េខាងត្បូង ផ្តល់ចំណូល៤៦.៥លានដុល្លារ ជាមួយអត្រាកំណើន១៥.៤ភាគរយ, និងថៃផ្តល់ចំណូល២៦.១លានដុល្លារ ជាមួយអាត្រាកំណើន២៦.៣ភាគរយ។
គួរជម្រាបថា នៅចន្លោះខែមករានិងខែមិថុនាឆ្នាំនេះ វៀតណាមទទួលបានកម្រៃសរុបពីការនាំចេញបន្លែនិងផ្លែឈើ ប្រមាណ០២ពាន់លានដុល្លារ ដែលជាអត្រាកំណើន២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕