(ចិន)៖ អាជ្ញាធរបន្សាបគ្រឿងញៀន នៅខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន ថ្មីៗនេះបានប្រើបច្ចេកវិទ្យារូបនិម្មិត (Augmented Reality-AR) និងបញ្ញានិម្មិត (Artificial Intelligence-AI) ដើម្បីជួយឱ្យអ្នកសេពគ្រឿងញៀន អាចផ្តាច់គ្រឿងញៀនដោយប្រសិទ្ធភាព។
មណ្ឌលបន្សាបគ្រឿងញៀន សម្រាប់អ្នកសេពគ្រឿងញៀនជាស្ត្រី នៅខេត្តស៊ីឈាន់ មានផែនការចង់ប្រើបច្ចេកវិទ្យាដ៏ទំនើបនេះ ដើម្បីផ្តល់ទិន្នន័យដ៏ត្រឹមត្រូវ សម្រាប់ជួយគាំទ្រដល់ការបន្សាបគ្រឿងញៀន និងការព្យាបាលផ្លូវចិត្ត របស់អ្នកសេពគ្រឿងញៀន នាពេលអនាគត។
អ្នកសេពគ្រឿងញៀន ដែលកំពុងទទួលការបន្សាប នឹងពាក់វ៉ែនតា 3D មួយដែលមានវីឌីអូ នៅក្នុងវ៉ែនតានោះ ដើម្បីបានមើលឈុតឆាកសម្តែងមួយចំនួន ពាក់ព័ន្ធនឹងការសេពគ្រឿងញៀន ខណៈដែលបុគ្គលិកពេទ្យប្រមូលទិន្នន័យ អំពីរលកខួរក្បាល ចង្វាក់បេះដូង និងស្ថានភាពស្បែក របស់ជនដែលមើលវីឌីអូនោះ។
បន្ទាប់មកបច្ចេកវិទ្យា AI នឹងវិភាគទិន្នន័យដែលគេប្រមូលបាននោះ ដើម្បីកំណត់ឱ្យកាន់តែច្បាស់នូវកម្រិតញៀន របស់អ្នកសេពគ្រឿងញៀន។
លោក លី តាយ មន្ត្រីបច្ចេកទេសផ្នែកបន្សាបគ្រឿងញៀន ដោយប្រើបច្ចេកវិទ្យាបញ្ញានិម្មិត បានថ្លែងថា «មុនពេលយើងអនុញ្ញាតឱ្យគេ ចេញពីមណ្ឌលបន្សាបគ្រឿងញៀន យើងនឹងបង្ហាញរូបភាពល្បួង ដែលអាចរំញោចដល់ចំណង់សេពគ្រឿងញៀន របស់គេម្តងទៀត ដោយប្រើបច្ចេកវិទ្យារូបភាពនិម្មិត។ ឧទាហរណ៍ ពួកគេនឹងបានឃើញមនុស្សម្នាក់ជក់គ្រឿងញៀន បានឃើញវត្ថុផ្សេងៗ ដែលគេប្រើសម្រាប់ជក់គ្រឿងញៀន និងឃើញមនុស្សបង្ខំគេឱ្យជក់គ្រឿងញៀន។ បើយោងតាមផែនការរបស់យើង នៅក្នុងអំឡុងពេលធ្វើតេស្តជាប្រព័ន្ធប្រហែល១២ លើកតាមរបៀបនេះ យើងនឹងអាចដឹងពីកម្រិតញៀនរបស់ពួកគាត់ ដើម្បីឱ្យយើងអាចបន្សាបបាន។ យូរៗទៅ ពួកគេនឹងអាចកាត់បន្ថយបានកាន់តែច្រើន នូវអារម្មណ៍ញោចពេលឃើញ ទិដ្ឋភាពសេពគ្រឿងញៀនបែបនេះ»៕ (សារព័ត៌មាន CCTV របស់ចិន)