(ហាណូយ)៖ គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានបង្កឲ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ហើយ ខណៈ០៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសវៀតណាម តាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
តាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រង និងចាត់ចែងពេលមានគ្រោះមហន្តរាយរបស់វៀតណាម (NDPC) មនុស្សស្លាប់ចំនួន ១៦នាក់ គឺស្ថិតនៅក្នុងខេត្ត ឡៃចាវ (Lai Chau), ០៥នាក់នៅក្នុងខេត្ត ហាគាំង (Ha Giang) និងម្នាក់នៅក្នុងខេត្ត ក្វាងនិញ (Guag Ninh) ដោយពួកគេបានបាត់បង់ជីវិត ដោយសារតែការរលំផ្ទះសង្កត់លើ និងលង់ទឹកជាដើម។ បន្ថែមពីនេះអ្នកបាត់ខ្លួនចំនួន ០៩នាក់ ស្ថិតនៅក្នុងខេត្ត Lai Chau ទាំងអស់ ដោយសារទឹកជំនន់មួយប្រាវ បានកួចយកពួកគេទៅបាត់។
គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់នៅភាគខាងជើងប្រទេសវៀតណាមនេះ ត្រូវបានរាយការណ៍ និងកើនឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីពេលដើមសប្តាហ៍នេះមកម្ល៉េះ ហើយក្នុងនោះមនុស្ស ១៥នាក់ផងដែរបានរងរបួស ខណៈការខាតបង់លើវិស័យសេដ្ឋកិច្ចជារួមវិញ ត្រូវបានរដ្ឋាភិបាលវៀតណាមអះអាងថា ស្ថិតនៅក្នុងរង្វង់ជាង ២០លានដុល្លារអាមេរិក៕