(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកជំនាញរុករកក្រោមរូងភ្នំបីនាក់ មកពីអង់គ្លេស កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ (សរុបចំនួន ១៣នាក់) ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងរូងភ្នំមួយ តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំវែងជាងគេបំផុតទី០៤ របស់ថៃ។
ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ។
ប៉ុន្តែយ៉ាងណា មកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើង ដោយរដ្ឋមន្ត្រីមហាផ្ទៃថៃផ្ទាល់ លោក អនុពង្ស ផាវចិន្តា (Anupong Paochinda) បានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះកំពុងចាប់ផ្តើមជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ដើម្បីចូលទៅដល់ កន្លែងអ្នកបាត់ខ្លួន។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញរុករកក្រោមល្អាងភ្នំបីនាក់ មកពីអង់គ្លេស ដែលមកដល់ប្រទេសថៃកាលពី ថ្ងៃពុធ រួមទាំងក្រុមកុម្ម៉ង់ដូពិសេសអាមេរិក SEAL ក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះដែរ ជាមួយក្ដីរំពឹងថាអាចនឹង រកឃើញអ្នកបាត់ខ្លួនទាំងនោះ។
គួរបញ្ជាក់ថា យោធាថៃ ក៏បានដាក់ពង្រាយទាហានរបស់ខ្លួនច្រើនជាង ១,០០០នាក់ ឱ្យទៅជួយក្រុមអ្នកជួយសង្រ្គោះទាំង ១២ក្រុម ផងដែរខណៈការបាត់ខ្លួនរបស់ជងរងគ្រោះ បានឈានចូលដល់ថ្ងៃទី០៥ហើយ៕