(អង់ការ៉ា)៖ ការទាមទាររបស់សហរដ្ឋអាមេរិក ទៅកាន់ឲ្យប្រទេសនានា ឲ្យឈប់នាំចូលប្រេងពីអ៊ីរ៉ង់ ហើយបើគេមិនធ្វើតាមនឹងគំរាមដាក់ទណ្ឌកម្មកម្រិតធ្ងន់នោះ គឺពុំមានប្រសិទ្ធភាពសម្រាប់ទីក្រុងអង់ការ៉ាឡើយ។ នេះបើតាមការបញ្ជាក់ច្បាស់ៗពីរដ្ឋមន្រ្តីសេដ្ឋកិច្ចតួកគី លោក នីហាត ហ្សៃបែកស៊ី (Nihat Zeybekci) ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯរដ្ឋធានីអង់ការ៉ា លោក Zeybekci បានលើកឡើងថា «យើងនឹងអនុវត្តន៍តាមតែការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ ដូច្នេះហើយអ្វីផ្សេងពីនេះ យើងនឹងដើរតាមផលប្រយោជន៍ជាតិរបស់យើងតែមួយគត់។ ម៉្យាងវិញទៀត តួកគីកំពុងបន្តឆ្ពោះភាពប្រសើរឡើង នៃការធ្វើពាណិជ្ជកម្មលើពិភពលោក ហើយយើងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីការអភិវឌ្ឍនៃការធ្វើពាណិជ្ជកម្មដោយសេរី នៅក្នុងចំណោមបណ្តាប្រទេសនានាជាច្រើនផងដែរ»។
គួរជម្រាបថា បើតាមការឲ្យដឹងពីក្រសួងការបរទេសអាមេរិកនាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវយ៉ាងទទូច ឲ្យប្រទេសឯទៀតៗកាត់ផ្តាច់រាល់ការនាំចូលប្រេងពីអ៊ីរ៉ង់ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកា ព្រោះថាបើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយទណ្ឌកម្មធ្ងន់ធ្ងរ ខណៈទង្វើនេះត្រូវបានគេមើលឃើញថា គឺជាការប៉ុនប៉ងថ្មីមួយទៀត ដើម្បីបង្កភាពរាំងស្ទះដល់លំហូនៃប្រាក់ចំណូល របស់ប្រទេសអ៊ីរ៉ង់។ បើតាមរបាយការណ៍ពីទីផ្សារប្រេងរបស់អង្គការ OPEC ផលិតផលប្រេងឆៅរបស់អ៊ីរ៉ង់ ត្រូវបានផលិតឡើងក្នុងចំនួនប្រមាណ ៣.៨លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែឧសភាកន្លងទៅ៕