(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាហើយថា នឹងរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសទីបីក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ការប្រកាសបែបនេះធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ក្រោយជំនួបជាមួយលោក ពូទីន នៅក្នុងទីក្រុងម៉ូស្គូនៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Bolton បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានស្នើឱ្យខ្ញុំមកកាន់ទីនេះ ហើយប្រាប់លោកប្រធានាធិបតីរុស្ស៊ី ពីលទ្ធភាពនៃការរៀបចំជំនួបកំពូលរវាងលោក និងលោក ពូទីន ស្របពេល មេដឹកនាំទាំងពីរសុទ្ធតែចង់ប្រើឱកាសនេះ ដើម្បីស្ដារទំនាក់ទំនងឡើងវិញ»។
បន្ថែមពីលើនេះ លោក John Bolton បានឱ្យដឹងទៀតថា ជំនួបរវាងលោក ត្រាំ និងលោក ពូទីន នឹងត្រូវប្រព្រឹត្តទៅ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ប៉ុន្តែខាងវិមានក្រឹមឡាំងថា នឹងបញ្ជាក់ពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ នឹងត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោក ដូណាល់ ត្រាំ ក៏ធ្លាប់បាននិយាយដែរថា ជំនួបជាមួយលោក ពូទីន អាចនឹងត្រូវធ្វើឡើងនៅ ក្នុងទីក្រុង ហ៊ែលស៊ីងគី (Helsinki) ប្រទេសហ្វាំងឡង់ ក្រោយកិច្ចប្រជុំកំពូលណាតូក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅខែក្រោយនេះ រីឯសង្រ្គាមនៅស៊ីរី និងស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន នឹងក្លាយជារបៀបវារៈសំខាន់សម្រាប់ជំនួបកំពូល៕