(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានហៅអនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ផែន (Mike Pence) ថា ជា «សត្វពស់អសិរពិសមួយក្បាល» ហើយសន្យាថា នឹងយកជ័យជម្នះឱ្យបាន​លើអ្វីដែលលោកចាត់ទុកថា ជាការប៉ុនប៉ងរបស់សហរដ្ឋ​អាមេរិក​ ដើម្បីទម្លាក់រូបលោកពីអំណាច។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ Reuters ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ប្រតិកម្មរបស់​លោក ម៉ាឌូរ៉ូ កើតមានឡើងបន្ទាប់​ពីលោក Pence បានធ្វើដំណើរទៅ​ដល់ប្រទេសអេក្វាឌ័រ នៅថ្ងៃពុធ​សប្ដាហ៍នេះ ជា ផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុង​តំបន់​អាមេរិក​ខាងត្បូង ដើម្បីបញ្ចុះបញ្ចូល​ប្រទេសនៅក្នុងតំបន់​ ឱ្យចូលរួមដាក់​សម្ពាធលើ​វេណេស៊ុយអេឡា ក្រោយលោក ម៉ាឌូរ៉ូ ជាប់ឆ្នោត​ជាថ្មីកាលពី​ខែឧសភា នៅក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ដែលសហរដ្ឋអាមេរិក​ចោទ ប្រកាន់ថា​ ពោរពេញដោយ​ការក្លែង​បន្លំ។

តែទោះជាយ៉ាង​នេះក្ដី លោក ម៉ាឌូរ៉ូ នៅតែអះអាង​ដដែលថា សហរដ្ឋអាមេរិក កំពុងព្យាយាមផ្ដួល​រំលំរដ្ឋាភិបាលស្របច្បាប់​របស់លោក តាមរយៈការធ្វើ​សង្រ្គាមសេដ្ឋកិច្ច ក្នុងគោលបំណង​រឹបអូសប្រេង និងធនធានធម្មជាតិ​នៃប្រទេសវេណេស៊ុយអេឡា។ មិនតែ​ប៉ុណ្ណោះ លោកថែម​ទាំងបានហៅអនុប្រធានាធិបតី​អាមេរិក លោក Mike Pence ថាជា «សត្វពស់អសិរពិសមួយក្បាល» ទៀតផង។ លោក ម៉ឌូរ៉ូ បានលើឡើង​នៅក្នុងសុន្ទកថា តាមកញ្ចក់ទូរទស្សន៍​ដូច្នេះថា «រាល់ពេល​ដែលសត្វពស់​ដ៏ពុល Mike Pence បើកមាត់​របស់វា ខ្ញុំមាន​អារម្មណ៍កាន់​តែរឹងមំា... ហើយខ្ញុំនឹង​យកជ័យជម្នះ​លើអ្នកឱ្យបាន​មិនថា អ្នកនៅ​ទីណា​នោះទេ»

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើលោក ម៉ាឌូរ៉ូ និងសមាជិក​រដ្ឋាភិបាលរបស់ លោកជា​ច្រើននាក់ ដោយចោទថា​ពួកគេកំពុងបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និងរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕​