អាជ្ញាធរថៃចាប់ផ្តើមជីកប្រហោងចូលក្នុងរូងភ្នំ ដើម្បីបន្តការរុករកក្មេងៗទាំង១២នាក់...(video)
28-06-2018 09:05
(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះកំពុងចាប់ផ្តើ់មជីកប្រហោងមួយចូលទៅកាន់រូងភ្នំមួយកន្លែង ជាទីដែលក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ត្រូវបានគេជឿជាក់ថា បានជាប់គាំងនៅក្នុងល្អាងភ្នំដោយសារទឹកជន់ខ្លាំង។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃថៃ លោក អនុពង្ស ផាវចិន្តា (Anupong Paochinda) បានគូសបញ្ជាក់ដូច្នេះថា «ស្អែក (ថ្ងៃព្រហស្បតិ៍នេះ) យើងអាចនឹងជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ប៉ុន្តែយើងមិនជីកវាជ្រៅនោះទេ ពោលគឺគ្រាន់តែសមល្មមឱ្យមនុស្សអាចចូលបានតែប៉ុណ្ណោះ... ហើយើងនឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមរកក្មេងៗទាំងនោះ»។
គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងល្អាងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជាល្អាងវែងជាងគេបំផុតទី ០៤ របស់ថៃ។ ក្មេងទាំងនេះត្រូវបានគេរាយការណ៍ថា មានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ រីឯគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ៕