(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានកត់សម្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅអំឡុង ជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងជំនួបជាមួយលោក Mattis នៅឯសាលវិមានប្រជាជនចិន លោក ស៊ី ជិងពីង បានលើកឡើងដូច្នេះថា៖«ទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់មួយនៅលើពិភពលោក ខណៈទំនាក់ទំនងយោធាក៏ជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះយើងសង្ឃឹមថាសន្ទុះដ៏ល្អនៃទំនាក់ទំនងយោធារបស់ប្រទេសទាំងពីរនឹងបន្តក្នុង ភាពល្អប្រសើរ»។
លើសពីនេះទៅទៀត ជាការឆ្លើយតបទៅនឹងការឡើងរបស់លោកស៊ី លោក James Mattis បានអះអាងថាសហរដ្ឋអាមេរិក
មានបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើតទំនាក់ទំនងយោធាក្នុងលក្ខណៈ ស្ថាបនាជាមួយចិន បើទោះជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ។
គួរបញ្ជាក់ថា លោក Mattis បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ តបតាមការអញ្ជើញពីរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ហើយនេះគឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនជាលើក ដំបូងបំផុតរបស់លោក ចាប់តាំងពីឆ្នាំ២០១៤មក៕