(អាមេរិក)៖ រដ្ឋសរុបចំនួន ១៧ ព្រមទាំងរដ្ឋធានីវ៉ាស៊ីនតោន បានដាក់ពាក្យប្តឹងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញគោលនយោបាយគ្មានការអត់ឱន ទាក់ទិនបញ្ហាអន្តោប្រវេសន៍ ដែលបំបែកបំបាក់ក្មេងៗពីម្តាយ-ឪពុករបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
ទោះបីជាលោក ដូណាល់ ត្រាំ នៅចំពោះមុខការរិះគន់យ៉ាងចាស់ដៃ និងប្រតិកម្មខ្លាំងៗពីអន្តរជាតិ បានបន្ធូរបន្ថយដៃទៅកាលពីថ្ងៃសប្តាហ៍មុន និងបានចុះហត្ថលេខាលើបទបញ្ជាផ្ទាល់ខ្លួន ដែលបង្គាប់ឲ្យបញ្ចប់ការបំបែកកុមារពីឪពុក-ម្តាយក៏ដោយក្តី ពាក្យបណ្តឹងនាសប្តាហ៍នេះ ដែលត្រូវបានដាក់ទៅក្នុងតុលាការនៅទីក្រុង Seattle បានចាត់ទុកគោលនយោបាយនេះថា គួរឲ្យស្អប់ខ្ពើម និងមិនសមហេតុផលឡើយ ហើយវាត្រូវបានជំរុញដោយចេតនាអាក្រក់។
ក្រៅពីរដ្ឋធានីវ៉ាស៊ីនតោន ពាក្យបណ្តឹងនេះ ក៏មានការគាំទ្រផងដែរ ពីសំណាក់រដ្ឋកាលីហ្វរញ៉ា, ដេឡាវែរ, អ៊ីល្លីណយ, អាយអូវ៉ា, ម៉ាស្សាឈូសេត, ម៉ារីលែន, មីននីសូតា, ញូជើស៊ី, ញូម៉ិចស៊ីកូ, ញូយ៉ក, ការ៉ូលីណាខាងជើង, អូរេហ្គន, ភែនស៊ីលវ៉ានា, រ៉ូដអាយលែន, វើជីនា, វើម៉ុន និងវ៉ាស៊ីនតោន។
គួរជម្រាបថា នយោបាយគ្មានការអត់ឱនរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជុំវិញការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បានចែងថារាល់ជនអន្តោប្រវេសន៍ ដែលមកដល់ដីសហរដ្ឋអាមេរិក គួរត្រូវប្រឈមមុខនឹងនីតិវិធីច្បាប់ និងស្ថិតក្រោមការឃុំខ្លួនរបស់អាជ្ញាធរ ហើយកុមារដែលរួមដំណើរជាមួយម្តាយ-ឪពុករបស់ពួកគេ នឹងត្រូវបញ្ជូនទៅកាន់កន្លែងឃុំឃាំងផ្សេងដាច់ដោយឡែកពីគ្នា មុនត្រូវបញ្ជូនបន្តទៅកាន់ទីតាំងឯទៀតៗ៕