(ហាណូយ)៖ ទឹកជំនន់ និងគ្រោះរអិលបាក់ដីបង្កឡើង​ដោយការធ្លាក់ភ្លៀងធំ កាលពីអំឡុងចុងសប្តាហ៍មុន នៅតាមបណ្តាខេត្តខ្ពង់រាបភាគខាងជើងវៀតណាម បានផ្តាច់ជីវិត​មនុស្សសរុបកើនដល់ ១៩នាក់ ខណៈ​១១នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួនដដែល។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦៧ ខែមិថុនា ឆ្នាំ២០១៨។

បើតាមព័ត៌មានលម្អិតមនុស្ស ០៥នាក់ នៅខេត្តហាគាំង (Ha Giang) បានបាត់បង់ជីវិត ដោយសារផ្ទះរំលំសង្កត់, ១៤នាក់ទៀត​នៅខេត្តឡៃចូវ (Lai Chau) បានស្លាប់ដោយសារគ្រោះរអិលបាក់ដី រលំផ្ទះ និងទឹកជំនន់។ គិតមកត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សសរុប ១១នាក់ ត្រូវបានក្នុងបញ្ជីជនបាត់ខ្លួន ដោយពួកគេមានទីលំនៅក្នុងខេត្ត Lai Chau។

គួរជម្រាបថា គ្រោះមហន្តរាយធម្មជាតិ​ខាងលើ ក៏បានបង្កឲ្យមនុស្ស ១២នាក់រងរបួស នៅខេត្ត Lai Chau, បំផ្លាញផ្ទះ ១២៤ខ្នង, ធ្វើឲ្យ​ខូច​​ខាត​​ផ្ទះ ២,០៩៧ខ្នង, បំផ្លិចបំផ្លាញដី​ស្រែ និងចម្ការផ្សេងទៀត​សរុបជាង ១,២០៣ហិកតា, សម្លាប់សត្វគោ-ក្របី ២៥១ក្បាល និងបក្សី​ចិញ្ចឹម​ ៥,៩១៩ក្បាល​​​, កាត់ផ្តាច់ស្ពាន, និងបង្កការ​កកស្ទះចរាចរណ៍​ធ្ងន់ធ្ងរ​ នៅលើផ្លូវជាតិ និងផ្លូវថ្នល់ធំៗ​ជាច្រើន។ ​

សរុបមកចាប់តាំងពីចុងសប្តាហ៍កន្លងទៅ គ្រោះទឹកជំនន់ និងរអិលបាក់ដី នៅខេត្តទាំង​០៧ ភាគខាងជើងវៀតណាម បានបង្កការខាតបង់ទ្រព្យសម្បតិ្តសាធារណៈ គិតជាទំហំទឹកប្រាក់​ប្រហែល​៤៤៣.៨ពាន់លានដុង ស្មើនឹង ១៩.៦លានដុល្លារ៕