(ម៉ូស្គូ)៖ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នៅថ្ងៃពុធនេះ សម្រាប់ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) និងលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាគ្នាពីលទ្ធភាព នៃការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមការគ្រោងទុក លោក Bolton ដែលវិមានក្រឹមឡាំងមើលឃើញជាអ្នកមាននយោបាយតឹងរ៉ឹង ចំពោះរុស្ស៊ី នឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយមេដឹកនាំរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានគេជឿជាក់ដែរថា នឹង ប្រកាសពីពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ពូទីន ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋធានី ហ៊ែលស៊ីងគី (Helsinki) នៃប្រទេសហ្វាំងឡង់ ទំនងជាអាចនឹងក្លាយជាកន្លែងរៀបចំជំនួបកំពូលនេះ។
តែយ៉ាងណាក៏ដោយ មន្ត្រីរូបនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានបញ្ជាក់ដែរថា ការជ្រើសរើសយកទីក្រុង Helsinki គឺ អាស្រ័យលើលទ្ធផលនៃជំនួបរវាងលោក John Bolton និងមេដឹកនាំរុស្ស៊ី៕