(ចិន)៖ ការរីកចម្រើន និងការអភិវឌ្ឍន៍នៃពាណិជ្ជកម្មសេវាកម្មរបស់ចិន កំពុងរុញច្រានវិស័យសេវាកម្មក្នុងស្រុករបស់ចិន ឱ្យក្លាយជាកត្តាគាំទ្រដ៏ខ្លាំងក្លា ដល់កំណើនសេដ្ឋកិច្ចជាតិ ជារួមរបស់ប្រទេសចិន។
ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨នេះ ពាណិជ្ជកម្មរបស់ចិន ក្នុងវិស័យសេវាកម្ម មានចំនួនសរុប២៥៦ពាន់លានដុល្លារអាមេរិក កើនឡើង១១.៩ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន។
កំណើនកាន់តែឆាប់រហ័ស ក្នុងវិស័យសេវាកម្ម បានក្លាយជាកត្តាជំរុញ ដល់ការអភិវឌ្ឍន៍នៃវិស័យសេវាកម្មក្នុងស្រុករបស់ចិន ដោយមានក្រុមហ៊ុនជាច្រើនក្នុងវិស័យនេះ មានបុគ្គលិកយ៉ាងតិចបំផុត៥០នាក់ ឬ មានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល១.៥លានដុល្លារអាមេរិក ពោលគឺកើនឡើងជិត១៤ភាគរយ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។
លោក លូ ជន ប្រធានវិទ្យាស្ថានសេវាពាណិជ្ជកម្មអន្តរជាតិ នៃបណ្ឌិតសភាសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន នៃក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា «នៅផ្នែកម្ខាង វាបង្ហាញអំពីកំណើនដ៏ឆាប់រហ័ស នៃតម្រូវការខាងក្រៅនៃសេវាកម្ម ហើយក៏បង្ហាញថាអាជីវកម្មផ្នែកសេវាកម្ម មានលទ្ធភាពអាចជួយរក្សាស្ថេរភាព នៃកំណើនសេដ្ឋកិច្ចនិងអាជីវកម្ម។ នៅផ្នែកម្ខាងទៀត ការអភិវឌ្ឍន៍ដែលកំពុងបន្ថែមល្បឿន នៃឧស្សាហកម្មសេវាកម្ម និងអាជីវកម្មសេវាកម្ម បានផ្តល់ការគាំទ្រយ៉ាងរឹងមាំ ដល់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស នៃសេដ្ឋកិច្ចចិន»។
ពាណិជ្ជកម្មរបស់ចិន ក្នុងវិស័យសេវាកម្ម ក៏កំពុងបង្ហាញនូវរចនាសម្ព័ន្ធ ដែលកាន់តែល្អប្រសើរផងដែរ ដោយការធ្វើពាណិជ្ជកម្ម នៅក្នុងវិស័យសេវាកម្មដែលកំពុងរីកចម្រើនខ្លាំង ដូចជាសេវាកុំព្យូទ័រ និង Software និងសេវាទូរគមនាគមន៍ទូរស័ព្ទចល័ត បានកើនឡើង១៨.៧ភាគរយ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញសេវាកម្ម ដែលកំពុងរីកចម្រើនខ្លាំង ត្រូវបានគេរាយការណ៍ថា មានចំនួនជាង៥០ភាគរយ នៃការនាំចេញអាជីវកម្មសេវាកម្មសរុបទៅហើយ។
លោក សៀន គួយអ៊ី ប្រធានមន្ទីរពាណិជ្ជកម្មសេវាកម្ម នៃក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា «ការនាំចេញសេវាកម្មដែលកំពុងរីកចម្រើនខ្លាំង ជាពិសេសគឺសេវាកម្មដែលពាក់ព័ន្ធនឹងការផលិតបែបទំនើប បានដើរតួនាទីជាកត្តាជំរុញដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មសេវាកម្មរបស់ចិន ព្រមទាំងសេដ្ឋកិច្ចចិនទាំងមូលផងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)