(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ពអាកាសអាមេរិក កំពុងសម្លឹងមើលពីលទ្ធភាពក្នុងការបំពាក់ម៉ែគ្រាប់បែក ឬ MOAB (Mother Of All Bombs) លើយន្ដហោះទម្លាក់គ្រាប់បែក B-52 ក្រោយទីក្រុងវ៉ាស៊ីនតោនបានទម្លាក់គ្រាប់បែកមួយនេះ ជាលើកដំបូងលើមូលដ្ឋានរបស់ក្រុម ISIS នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
Sputnik ផ្អែកលើរបាយការណ៍មួយ ដែលខ្លួនយកមកចុះផ្សាយបន្តបានឱ្យដឹងថា កងកម្លាំងទ័ពអាកាសអាមេរិក កំពុងស្វះស្វែងប្រមូលព័ត៌មានពាក់ព័ន្ធនឹងបច្ចេកវិទ្យាចាំបាច់ទាំងឡាយ ដែលតម្រូវក្នុងការអភិវឌ្ឍក៏ដូចជាអាចបំពាក់ម៉ែគ្រាប់បែក លើយន្ដហោះទម្លាក់គ្រាប់បែក B-52 ដ៏ល្បីល្បាញរាប់ទសវត្សរ៍របស់អាមេរិក។
ប៉ុន្តែរបាយការណ៍នេះដដែល មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតនោះទេជាពិសេស គឺទៅលើចេតនាបំពាក់នេះ ក្រៅតែពីគេដឹងថា ផែនការនេះត្រូវបានគេទម្លាយបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិកប្រើយន្ដហោះ C-130 ទម្លាក់ម៉ែគ្រាប់បែកជាលើកដំបូងក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ម៉ែគ្រាប់បែក គឺជាគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក ដែលមានកម្លាំងផ្ទុះស្មើហ្នឹងម្សៅជាតិផ្ទុះ TNT ១១តោន។ ប៉ុន្តែកម្លាំងផ្ទុះនេះ នៅតិចជាងឪគ្រាប់បែករបស់រុស្ស៊ីប្រហែល ០៤ដង៕