(វ៉ាស៊ីនតោន)៖ សមាគមអាជីវកម្មទាំងតូចទាំងធំជាង ២៧០ក្រុម នៅសហរដ្ឋអាមេរិក បានរួមគ្នាបង្ហាញការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចំពោះសេចក្តីព្រាងច្បាប់ដែលនឹងដាក់កំហិតទៅលើអំណាចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជុំវិញការដំឡើងពន្ធលើទំនិញនាំចូល ដោយប្រើហេតុផលបញ្ហាសន្តិសុខជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងលិខិតចំហមួយផ្ញើជូនទៅកាន់ព្រឹទ្ធសមាជិកអាមេរិកទាំងអស់ សមាគមអាជីវកម្មខាងលើ បានសម្តែងការគាំទ្រចំពោះសេចក្តីព្រាងច្បាប់ S.3013 ដែលរៀបរៀងឡើងដោយព្រឹទ្ធសមាជិកលោក Corker និងក្រុមព្រឹទ្ធសមាជិកនៃគណបក្សទាំងពីរ ដែលមានគោលដៅទាមទារឲ្យលោក ដូណាល់ ត្រាំ ត្រូវតែឆ្លងកាត់សភាជាមុនសិន នូវរាល់សំណើណាមួយ ស្តីពីការបង្កើនពន្ធទំនិញនាំចូល ដោយយោងលើផលប្រយោជន៍សន្តិសុខជាតិ ក្រោមមាត្រា ២៣២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៦២។ បើតាមលិខិតដដែល សមាគមអាជីវកម្មអាមេរិកទាំងនេះ មានក្តីព្រួយបារម្ភក្រៃលែងថា ការអំណាចគ្មានដែនកំណត់របស់លោកប្រធានាធិបតីអាមេរិក ក្នុងការប្រើប្រាស់មាត្រា ២៣២នេះ ដើម្បីដំឡើងពន្ធប្រហែលជាមិនមែនដោយសារផលប្រយោជន៍ជាតិឡើយ។
គួរជម្រាបថា រដ្ឋបាលលោក ដូណាល់ ត្រាំ ជាឯកតោភាគីបានដាក់ចេញនូវការដំឡើងពន្ធ ទៅលើដែកថែបនិងអាលុយមីញ៉ូមនាំចូល ដោយផ្អែកលើហេតុផលសន្តិសុខជាតិ ដែលបានបង្កឲ្យមានសំឡេងប្រឆាំងជាខ្លាំង ពីសំណាក់សមាគមអាជីវកម្មក្នុងស្រុក និងចំណាត់ការសងសឹកពីដៃគូពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិក៕