អគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា ត្រូវបានអង្គការ Amnesty International ចោទប្រកាន់ពីការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ! (Video inside)
27-06-2018 09:23
(ញូយ៉ក)៖ ប្រមុខយោធាមីយ៉ាន់ម៉ា និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ Amnesty International ចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិជាលក្ខណៈប្រព័ន្ធ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធនេះ Amnesty International ក៏បានអំពាវនាវឱ្យមានការចាត់វិធានការប្ដឹងប្រមុខ យោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) រួមទាំងមន្ត្រីយោធា និងសន្តិសុខជាន់ខ្ពស់ ១២នាក់ទៀត ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។ អង្គការអន្តជាតិមួយនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបោសសំអាតជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានធ្វើ ឡើងជាលក្ខណៈប្រព័ន្ធ ជាមួយការរៀបចំឱ្យមន្ត្រីសន្ដិសុខមីយ៉ាន់ម៉ា សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ក្នុងនោះរួមមានទាំង កុមារ។ លើសពីនេះទៅទៀត ពួកគេថែមទាំងប្រព្រឹត្តអំពើហិង្សាផ្លូវភេទ ការធ្វើទារុណកម្ម ការបង្ខំឱ្យភៀសខ្លួនចេញ និងដុតបំផ្លាញផ្ទះសម្បែង របស់ជនជាតិរ៉ូហ៊ីងយ៉ា ទៀតផង»។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានស្លាប់ និងច្រើនជាង ៧០០,០០០នាក់ ត្រូវបានគេបង្ខំឱ្យចាកចេញពីរដ្ឋ រ៉ាឃីន (Rakhine) ក្រោយមានការបង្រ្កាបពីយោធាមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិហៅថា ជាការបោសសំអាតពូជសាសន៍។ ប៉ុន្តែរដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់ហើយថា ប្រតិបត្តិការយោធារបស់ខ្លួនមិនមានគោលដៅលើជនស៊ីវិលនោះទេ ពោលគឺគ្រាន់តែដើម្បីការពារខ្លួន និងប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលបានវាយប្រហារលើប៉ុស្ដន៍ប៉ូលិស កាលពីខែសីហា ឆ្នាំ២០១៧ តែប៉ុណ្ណោះ៕