(អេហ្ស៊ីប)៖ អ្នកអត្ថាធិប្បាយបាល់ទាត់ទូរទស្សន៍អេហ្ស៊ីបម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារគាំងបេះដូងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ទាត់បាល់បញ្ចូលគ្រាប់ទីពីរដើម្បីផ្ដួលអេហ្ស៊ីបនៅចុងម៉ោង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ក្នុងពូល A កាលពីថ្ងៃចន្ទកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន MSN ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម MSN លោក អាប់ឌែល រ៉ាហ៊ីម ម៉ូហាម៉េដ (Abdel Rahim Mohamed) ដែលជាអ្នកអត្ថាធិប្បាយ និងវិភាគកីឡាបាល់ទាត់ដ៏ល្បីម្នាក់នៅអេហ្ស៊ីប បាន បាត់បង់ស្មារតីភា្លមៗ នៅអំឡុងពេលអត្ថាធិប្បាយពីការប្រកួតរវាងអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត។
ជុំវិញហេតុការណ៍ខាងលើនេះ សារព័ត៌មាន Egypt Today ក៏បានឱ្យដឹងដែរថា លោក Mohamed បានទទួលរងការបះទង្គិចផ្លូវអារម្មណ៍ធ្ងន់ធ្ងរបំផុត នៅអំឡុងពេល និងនៅក្រោយការប្រកួត ជាពិសេសនៅពេលអារ៉ាប៊ីសាអូឌីត ទាត់បាល់បញ្ចូលទីនៅចុងម៉ោងយកឈ្នះអេហ្ស៊ីប ២-១ រហូតបានធ្វើឱ្យលោកគាំងបេះដូង ហើយត្រូវ បញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យបានប្រើពេល ៣០នាទី ដើម្បីជួយសង្រ្គោះ លោក Mohamed តែមិនអាចជួយបាន ហើយក្រោយមកទើបគេបានប្រកាសថា លោកបានបាត់បង់ជីវិតទៅហើយ៕