(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តរក្សាទុកជាបានការដដែល នូវបទបញ្ជាហាមឃាត់ការធ្វើ ដំណើរមកកាន់សហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលមានគោលដៅលើប្រជាជនមកពីប្រទេសអ្នកកាន់សាសនាអ៊ីស្លាម ភាគច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ នៅក្នុងការសម្រេចចិត្ត៥ទល់នឹង៤ ក្នុងចំណោមចៅក្រម៩រូប តុលាការកំពូលអាមេរិក បានអះអាងថាក្រុមអ្នកជំទាស់បានបរាជ័យក្នុងការ បង្ហាញថាបទបញ្ជាហាមឃាត់ការធ្វើដំណើររបស់លោកត្រាំ បានរំលោភលើច្បាប់អន្តោប្រវេសន៍ ឬក៏រដ្ឋធម្មនុញ្ញវិសោធនកម្មលើក ទីមួយរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសាសនា។
គួរបញ្ជាក់ថា ផ្អែកលើការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក បទបញ្ជាហាមឃាត់ការធ្វើដំណើររបស់ លោក ដូណាល់ ត្រាំ លើប្រជាជនមកពីប្រទេសអ្នកកាន់សាសនាអ៊ីស្លាមដូចជា អ៊ីរ៉ង់ សូម៉ាលី លីប៊ី ស៊ីរី និងយ៉េមែន ជាដើម នៅតែមានប្រសិទ្ធិភាពក្នុងការ អនុវត្ត ហើយមិនតែប៉ុណ្ណោះវាក៏នឹងអនុញ្ញាតឱ្យលោកត្រាំ បញ្ចូលប្រទេសដទៃទៀតបន្ថែមក្នុងបម្រាមនេះទៀតផង៕