(ដាណឺម៉ាក)៖ ប្រទេស​ដាណឺម៉ាក​កំពុងត្រៀមខ្លួន ចូល​រួមក្នុង​គម្រោង​បង្កើតកម្លាំង​អន្តរាគមន៍​​យោធាអឺរ៉ុប EI2 ដែលផ្តួចផ្តើម​ដោយ​បារាំង​ និង​​កងកម្លាំងចំរុះ JEF ដែលដឹកនាំ​ដោយចក្រភព​អង់គ្លេស ខណៈរដ្ឋមន្រ្តីការពារជាតិ​ដាណឺម៉ាក បានលើក​ឡើងថា វាគឺជាសញ្ញាមួយ​​នៃ​សាមគ្គី​ភាព​​របស់​អឺរ៉ុប បង្ហាញដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅ​​ល្ងាច​ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីការពារជាតិ​ដាណឺម៉ា លោក ក្លស ហ្វ្រែឌែរីកសិន (Claus Frederiksen) បាន​ប្រកាសថា ដាណឺម៉ាកមានមោទនភាព​ជាខ្លាំង ដើម្បីចូលរួមក្នុង​គម្រោង​ការពារ​ជាតិ EI2 ដែលជាសកម្មភាពមួយស្តែងឲ្យឃើញ ពីចេតនារបស់អឺរ៉ុប​ក្នុងការបង្កើន​សមត្ថភាព​ទីពឹងខ្លួន ទាក់ទិនបញ្ហា​យោធា។ EI2 មាន​គោលដៅ​អនុញ្ញាតឲ្យមានការ​ដាក់ពង្រាយកងទ័ព ​ក្នុងកម្រិត​ឆាប់រហ័ស នៅក្នុងពេល​មានវិបត្តិ​ផ្សេងៗ។

លោក Frederiksen បាន​និយាយ​ថា​ «អឺរ៉ុបត្រូវតែ​បង្កើនភាពទទួល​ខុសត្រូវ​របស់ខ្លួនបន្ថែម​ទៀត សម្រាប់​សន្តិសុខរបស់​ខ្លួន​ឯងផ្ទាល់»។ ក្នុងសប្តាហ៍​នេះ លោក Frederiksen ក៏​នឹងធ្វើដំណើរ​ទៅទីក្រុង​ឡុងដ៍ ដើម្បីចូលរួម​កិច្ចប្រជុំពាក់ព័ន្ធ​នឹងការចាប់ផ្តើម​កិច្ចសហ​ប្រតិ​បត្តិ​ការ​យោ​ធា​​មួយ​ផ្សេង​ទៀត​ឈ្មោះ JEF ដែល​ផ្តួចផ្តើម​ឡើងដោយ​ចក្រភពអង់គ្លេស តាំងពី​ឆ្នាំ២០១៤ មក។

គួរជម្រាបថា គម្រោង EI2 ដែលដឹកនាំដោយ​ប្រធានាធិបតីបារាំង​លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) រួមមានសមាជិកចំនួន ០៩ របស់សហភាពអឺរ៉ុប​គឺ​ បារាំង អាល្លឺម៉ង់ បែលហ្សិក ចក្រភព​អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់ ដែលបានចុះហត្ថលេខា​លើលិខិត​ប្រកាស​ពីគោលបំណងមួយ​នៅឯទីក្រុង លុចហ្សំបួរ (Luxembourg) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

សម្រាប់ JEF វិញក្រៅពី​ចក្រភព​អង់គ្លេស និងដាណឺម៉ាក ក៏រួមមានផងដែរ​នូវបណ្តាប្រទេស​តំបន់សមុទ្របាល់ទិច ហូឡង់ ន័រវែស ព្រមទាំងហ្វាំងឡង់​ និងស៊ុយអែត ដែលសុទ្ធតែ​បានព្រមព្រៀងគ្នា ធ្វើការផ្តល់​កងទ័ព​រៀងៗខ្លួនឲ្យដាក់​ពង្រាយ ក្រោយមានទទួលបាន​ជូនដំណឹងភ្លាមៗ សម្រាប់​រាល់បញ្ហា​ជម្លោះប្រដាប់អាវុធ​ គ្រប់ទម្រង់នៅជុំវិញ​ពិភពលោក៕