(តូក្យូ)៖​ ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន​នៅថ្ងៃអង្គារនេះ បានរាយ​ការណ៍ថា បុរសម្នាក់​បានចាក់សម្លាប់​ប៉ូលិសម្នាក់ ហើយបានដណ្ដើម​កាំភ្លើង ប៉ូលិសបាញ់សម្លាប់​បុរសម្នាក់ផ្សេង​ទៀត នៅក្នុងទីក្រុង តូយ៉ាម៉ា (Toyama) ភាគកណ្ដាល​ប្រទេស​ជប៉ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន តាមរយៈការស្រង់​សម្ដីពីអាជ្ញាធរ​នៅក្នុងតំបន់​បានបញ្ជាក់ទៀតថា បន្ទាប់ពីចាក់សម្លាប់​ប៉ូលិសម្នាក់ ជនដៃដល់ បានបាញ់​សម្លាប់បុរសម្នាក់​ទៀតនៅក្បែរនោះ ជាមួយកាំភ្លើង​ដែលរូបគេដណើ្ដម​ពីប៉ូលិស។ ប៉ុន្តែទន្ទឹមគ្នា​ជនសង្ស័យរូបនេះ​ ក៏ត្រូវបាន ប៉ូលិសដទៃ​នៅក្នុងហេតុការណ៍​នោះបាញ់ឱ្យ​របួសធ្ងន់ ខណៈអ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ក៏បានទទួល ស្គាល់ដែរថា មនុស្សពីរនាក់ត្រូវបានសម្លាប់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ជប៉ុន ជនរងគ្រោះទាំងពីរ​នាក់នោះ គឺជាប៉ូលិស​ម្នាក់​​ដែលត្រូវចាក់​​សម្លាប់ និងឆ្មាំយាមម្នាក់​ដែលត្រូវជន​សង្ស័យ​បាញ់សម្លាប់ នៅក្បែរសាលារៀន​មួយកន្លែងនៅ​ក្នុងតំបន់។ ដោយឡែក​ដើមចមដែលឈាន​ទៅដល់ការបង្ក​រឿងនេះឡើង គឺកំពុងស្ថិត​នៅក្នុងការស៊ើប​អង្កេត​នៅ​ឡើយ៕