(ម៉ូស្គូ)៖ វគ្គសន្សំពិន្ទុនៃពូល A និងពូល B ត្រូវបានបញ្ចប់ស្ថាពរហើយនាយប់មិញនេះ ក្នុងនោះដែរមានក្រុមម្ចាស់ផ្ទះរុស្ស៊ី បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ប្រចាំពូល A និងអ៊ុយរ៉ាហ្គាយ ឈរនៅចំណាត់ថ្នាក់លេខ១ ស្របពេលដែល ពូល B មានអេស្ប៉ាញ ឈរនៅលេខ១ និងព័រទុយហ្គាល់ ឈរនៅចំណាត់ថ្នាក់លេខ២។
ជារូបមន្តរបស់សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA បានចងរូបមន្តខ្វែងពូលពូលរវាងពូល A ត្រូវខ្វែងក្រុមជាមួយពូល B និងពូល C ត្រូវធ្វើការខ្វែងពូល ជាមួយនឹងពូល D នឹងជាបន្តបន្ទាប់ទៀត។ ធ្វើដូចគ្នា គឺដើម្បីចៀសវាងចាប់ឆ្នោត (ពូល) ម្តងទៀតរាល់បញ្ចប់វគ្គនីមួយៗ។
អ៊ុយរ៉ាហ្គាយ ជាក្រុមលេខ១ ប្រចាំពូល A ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះទាំងអស់ ទទួលបាន៩ពិន្ទុពេញ ដែលត្រូវបាន ប្រកួតខ្វែងពូល ប៉ះក្រុមលេខ២ នៃពូល B ដោយមានព័រទុយហ្គាល់ និងក្រុមលេខ១ ពូល B អេស្ប៉ាញ ត្រូវប៉ះក្រុមលេខ២ នៃពូល A រុស្ស៊ី។
គួរកត់សំគាល់ផងដែរថា ក្រោយបញ្ចប់៣ប្រកួតនៃវគ្គសន្សំពិន្ទុតាមពូលនីមួយៗដែលមាន ៤ក្រុម ករណីទី១ គេគិតទៅ លើពិន្ទុ ករណីពិន្ទុស្មើគ្នា គេគិតទៅលើសំណល់គ្រាប់ (ស៊ីសងគ្រាប់) បើនៅតែស្មើទៀត គេនឹងគិតទៅលើ ក្រុមណាដែលស៊ុតបញ្ចូលទីគូប្រកួតបានច្រើនជាងគេ ករណីនៅតែស្មើទៀត គេនឹងគិតទៅការប្រកួតរបស់ក្រុមនីមួយៗ តើក្រុមមួយណាទទួលបានកាតក្រហម-កាតលឿង ច្រើនជាងគេ ហើយករណីមាន ឬមិនមាននោះ គេនឹងគិតទៅក្រុមណាស៊ុតបញ្ចូលទី នៅនាទីតិចជាងគេ៕