(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការពារជាតិ​​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយ​​នៅថ្ងៃចន្ទ​សប្តាហ៍​នេះ​ថា មូលដ្ឋានទ័ព​អាកាសចំនួនពីរ​នៅ​ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូង​​សហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ ​ដើម្បី​ធ្វើជា «កន្លែង​ឃុំឃាំង​​ជនអន្តោប្រវេសន៍​​ខុស​ច្បាប់» ដែលកំពុង​តែកើន​ឡើង ស្របពេល​ដែល​អាមេរិក​កំពុង​អនុវត្តន៍ គោលនយោបាយ​​គ្មានការអត់ធ្មត់​តទៅ​ទៀត។ នេះបើតាមការ​ចេញផ្សាយ​ដោយ ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងសន្និសីទ​សារព័ត៌មានមួយក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ប្រធានមន្ទីរការពារជាតិ​អាមេរិក​បញ្ចកោណ​ខាងលើនេះ បានបញ្ជាក់យ៉ាង​ដូច្នេះថា «អ្វីៗត្រូវបានបញ្ជាក់​ហើយនាពេល​នេះ ដោយមូលដ្ឋានទ័ព​ចំនួនពីរនោះគឺ មូលដ្ឋានទ័ពអាកាស​ហ្គោដហ្វែលឡូ (Goodfellow) និង ហ្វតប្លីសស៍ (Fort Bliss) ប៉ុន្តែខ្ញុំមិនអាច​បញ្ជាក់ច្បាស់ថែមទៀត​នោះ​ឡើយថា តើមូលដ្ឋានទ័ព​ទាំងពីរនេះ នឹងត្រូវប្រើប្រាស់​យ៉ាងដូចម្តេច...»

ទោះបីជាបែបនេះក្តី លោក ម៉ាត់ទីស មិនបានបញ្ជាក់​នោះឡើយ ចំពោះសំនួរអ្នក​សារព័ត៌មានដែលបានសួរថា តើជន​អន្តោប្រវេសន៍​ប៉ុន្មាន​នាក់ នឹងត្រូវដាក់ឃុំឃាំង​នៅក្នុងមូលដ្ឋាន​ទ័ព​អាកាស​​ទាំងពីរនោះ។ ការប្រកាស​នេះដែរ បានកើត​មានឡើង​ បន្ទាប់ពីក្រសួង​សន្តិសុខ​មាតុភូមិអាមេរិក និងក្រសួង​សេវាកម្មមនុស្សជាតិ និងសុខាភិបាល​បានស្នើឲ្យ​រដ្ឋបាល​អាមេរិក បញ្ចេញជំនួយ​សម្រាប់ដោះស្រាយ​ការចំណាយ លើការឃុំឃាំង​​ជនអន្តោប្រវេសន៍នានា ដែលត្រូវនៅរង់​ចាំទទួលការដោះស្រាយ តាមនីតិវិធីច្បាប់​អាមេរិកនៅ​ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ទោះបីការរិះគន់កាន់តែ​ឡើង​កម្តៅទាំងក្នុង​សហរដ្ឋអាមេរិក និងពីសំណាក់​សហគមន៍​​អន្តរជាតិនោះក៏ដោយ ក៏លោក ដូណាល់ ត្រាំ បានចេញបញ្ជា​​​ដោយផ្ទាល់​ថែមទៀត ឲ្យសមត្ថកិច្ច​បញ្ជូន​ជនអន្តោប្រវេសន៍​ ដែលបានចូលមកកាន់​​អាមេរិក​ដោយ​ខុសច្បាប់នោះ ចេញពីទឹកដី​​អាមេរិកជា​បន្ទាន់ «ដោយមិនចាំបាច់​​ត្រូវដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ឬ​ប្រព័ន្ធ​​តុលាការ​អ្វីឡើយ» ប៉ុន្តែ​លោក​នៅតែ​គាំទ្រ​នយោបាយ​​អន្តោប្រវេសន៍​​កន្លងមក​​ជានិច្ច។

ប្រធានាធិបតី​​អាមេរិក ដូណាល់​ ត្រាំ បានបង្ហោះសារ​​នៅក្នុង Twitter របស់លោក យ៉ាង​ដូច្នេះថា «យើងមិនអាច​​បណ្តោយឲ្យមនុស្ស​​ទាំងនោះ ឈ្លានពាន​ប្រទេសយើង​បានទៀតទេ។ នៅពេលដែល​ពួកគេចូលមក​កាន់ទីនេះ យើងត្រូវតែ​បញ្ជូនពួកគេចេញ​ទៅកាន់កន្លែងដើមវិញ​​ភ្លាមៗដោយ​មិនចាំបាច់យកទៅ កាត់ក្តី ឬក៏ឡើង​​តុលាការ នោះ​ឡើយ។ ប្រព័ន្ធដែល​​យើង​អនុវត្តន៍នេះ គឺជាជំហរមួយ​​ទៅកាន់​គោលនយោបាយ​អន្តោប្រវេសន៍​ និង​ច្បាប់ ព្រមទាំងសណ្តាប់ធ្នាប់​ដ៏ល្អ។ ក្មេងៗភាគ​ច្រើន​បានមក​ទីនេះ ដោយគ្មាន​ឪពុក​ម្តាយមក​ជាមួយ​នោះ​ឡើយ...»

កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាស​អំពីផែនការមួយ​ក្នុងការអនុញ្ញាត​ឲ្យក្មេងៗអន្តោប្រវេសន៍ អាចជួបជុំជា​មួយ​ឪពុកម្តាយ​របស់ពួកគេវិញ​នៅក្នុងមណ្ឌល​ឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយ​ប្រទេសម៉ិចស៊ីកូនោះ។ ទោះបីជាបែបនេះក្តី ក្រោយមកទៀត​ក្រសួងសន្តិសុខមាតុភូមិ​អាមេរិកបាន​តបទៅលោក ត្រាំ វិញថា វាមិនអាចកើត​ឡើងទៅរួចនោះ​ឡើយ លុះត្រាណា​តែឪពុកម្តាយ​ដែលជាប់​ឃុំ​ខ្លួន​នោះ ត្រូវបញ្ចូនចេញ​ពី​​សហរដ្ឋអាមេរិក​​រួចរាល់​ជា​មុនសិន៕