(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានទទួលរងការរិះគន់យ៉ាងខ្លាំង រហូតដល់ត្រូវបានសមាជិកសភាជាច្រើននាក់ ស្នើឱ្យចុះចេញពីតំណែង សម្រាប់ការគេចវេសមិនចូលរួមក្នុងការបោះឆ្នោតដ៏សំខាន់មួយ ស្ដីពីការអភិវឌ្ឍអាកាសយានដា្ឋន Heathrow ដោយសុខចិត្តបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះបានទទួលជោគជ័យ ក្នុងការបោះឆ្នោតនៅក្នុងសភា លើគំរោងដ៏ចម្រូងចម្រាសស្ដីពីការ កសាងផ្លូវយន្ដហោះទីបី នៅឯអាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍ ដោយទទួលបានសំឡេងគាំទ្រ ៤១៥សំឡេង ទល់នឹង ១១៩សំឡេង។ ប៉ុន្តែ ការបោះឆ្នោតនេះមិនមានវត្តមានលោក Boris Johnson ដែលជាអ្នកជំទាស់នឹងគំរោងនេះឡើយ ដោយសារជាប់ បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមសមាជិកសភាខ្លះចោទថា លោកគេចមិនចង់ចូលរួមបោះឆ្នោត និងខ្លះទៀតដូចជាលោកស្រី សារ៉ាហ៍ វូលឡាស្តុន (Sarah Wollaston) យល់ថា លោក Johnson គួរតែលាលែងពីតំណែង។
គួររំលឹកថា កាលពីដើមឆ្នាំ២០១៨ រដ្ឋាភិបាលអង់គ្លេសបានព្រមព្រៀងលើគំរោងមួយមានតម្លៃជាង ១៨.៥ពាន់លានដុល្លារ ដើម្បី សាងសង់ផ្លូវយន្ដហោះទីបី នៅឯអាកាសយានដ្ឋាន Heathrow ដែលទីក្រុងឡុងដ៍មើលឃើញថា នឹងជួយជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕