(តេហេរ៉ង់)៖ ខណៈកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បានធ្លាក់ទៅក្នុង​ភាពមិនច្បាស់​លាស់ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាន​សង្កត់​​ធ្ងន់ថា ទីក្រុងតេហេរ៉ង់​មានសិទ្ធិ​ដើម្បីបង្កើន​សមត្ថភាពចម្រាញ់​សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់គោលដៅ​សន្តិភាព។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​​ពី​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅរសៀល​​ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានលើក​ឡើងថា ប្រជាជាតិអ៊ីរ៉ង់​នឹងគ្មានថ្ងៃចុះចាញ់​ការដាក់សម្ពាធ​ពីសំណាក់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឡើយ ហើយនឹងប្តេជ្ញា​យ៉ាងអង់អាច ដើម្បីការពារ​ឯករាជ្យភាព និងតម្លៃរបស់ពួកគេ។ នៅក្នុង​ការ​ថ្លែងសុន្ទរកថាមួយផ្សាយ​ផ្ទាល់​តាមកញ្ចប់ទូរទស្សន៍រដ្ឋ​អ៊ីរ៉ង់ លោក Rouhani បានចាត់​ទុកការសម្រេច​ចិត្តរបស់​សហរដ្ឋអាមេរិក ក្នុងការ​បោះ​បង់ចោល​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ គឺជាទង្វើខុសច្បាប់ និងអាក្រក់​ជាខ្លាំង។

ភាពស្រពិចស្រពិល​ជុំវិញកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ កាន់តែកំពុង​មានការកើន​ឡើងថែមទៀត ដោយ​អនុរដ្ឋមន្រ្តី​ការបរទេស​​អ៊ីរ៉ង់​ លោក អាប់បាស់ អារ៉ាកជី (Abbas Araqchi) ក៏បានបង្ហើប​ដែរថា វាពុំមែនជារឿងមិន​អាចទៅរួច​នោះឡើយដែលថា ទីក្រុងតេហេរ៉ង់ នឹងដើរចេញពី​កិច្ចព្រមព្រៀង​​មាន​ឈ្មោះ​ផ្លូវការ​ថា JCPOA នេះនៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។

គួរជម្រាបថា ក្តីព្រួយបារម្ភ​ជុំវិញ​បញ្ហាថា កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់អាចដំណើរការ​ឡើងវិញ​នោះ បានកើតមាន បន្ទាប់ពី​សហរដ្ឋអាមេរិក​ បាន​ប្រកាសដកខ្លួន​ចេញពីកិច្ច​ព្រមព្រៀង JCPOA ដែលដាក់​កំហិតលើ​កម្មវិធី​អភិវឌ្ឍន៍ ​អាវុធនុយក្លេអ៊ែរ​របស់ទីក្រុង​តេហេរ៉ង់ ជាថ្នូរនឹង​ការបន្ធូរ​បន្ថយ​ទណ្ឌកម្ម​​របស់អង្គការ​សហប្រជាជាតិ ព្រមទាំង​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប៕