(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញមុខ​ការពារ ការលើកឡើង​ដ៏ចម្រូងចម្រាស់របស់លោក បន្ទាប់ពី បានទទួលរង​ការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកកាន់​សាសនាគ្រិស្ដនិកាយកាតូលិក នៅក្នុងប្រទេស​ ដែលចាត់ទុក​លោក ឌូតឺតេ ថា «ជាមនុស្សល្ងង់បំផុត» ចំពោះការហៅ «ព្រះថាល្ងីល្ងឺ»។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុង​សុន្ទរកថា នៅឯទីក្រុង កាហ្គាយ៉ាន ឌែអូរ៉ូ (Cagayan de Oro) នៅថ្ងៃចន្ទសប្ដាហ៍នេះ​ លោក ឌូតឺតេ បានអះអាងឡើងវិញថា មិនបានហៅ​ព្រះរបស់លោក​ថា ល្ងីល្ងឺនោះទេ។ ប្រធានាធិបតី​រូបនេះ បានឆ្លើយតប​ទៅនឹងអ្នករិះគន់​ដូច្នេះថា «ខ្ញុំមិនបាន​ថា ព្រះរបស់ខ្ញុំឆ្កួតឡប់នោះទេ។ ព្រះរបស់​អ្នកមិនមែនជា​ព្រះរបស់ខ្ញុំទេ ពីព្រោះព្រះ​របស់អ្នកគឺឆ្កួតល្ងីល្ងឺ ហើយព្រះរបស់​ខ្ញុំគឺពោរពេញ​ដោយសុភវិនិច្ឆ័យ។ ម្យ៉ាងវិញទៀត បើខ្ញុំជ្រើសរើស​មិនជឿលើព្រះ តើវាមាន​បញ្ហាអ្វី? ដ្បិតវាគ្រាន់​តែជាសិទ្ធិមួយក្នុងការជ្រើស​រើស​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា ភាពចម្រូង​ចម្រាស​រវាងលោក ឌូតឺតេ និងអ្នកកាន់សាសនា​គ្រិស្ដនិកាយកាតូលិក កើតមានឡើងក្រោយប្រធានាធិបតី រូបនេះបាន​ហៅព្រះថា ឆ្កួតល្ងីល្ងឺ ឆ្លើយតបទៅនឹង​សំណួរក្នុងអំឡុងពេល​ថ្លែងសុន្ទរកថា​មួយ តាមកញ្ចក់​ទូរទស្សន៍ កាលពីថ្ងៃសុក្រ​សប្ដាហ៍​មុន។ ពោលគឺនៅពេល​ត្រូវគេសួរ​ពាក់ព័ន្ធនឹង​​ព្រះគម្ពីប៊ីប (Bible) ស្ដីពី​ការ​បង្កើត​មនុស្ស និងថាតើហេតុអ្វី​បានជា​ព្រះ​បង្កើត អាដាម (Adam) និងនាង អេវ (Eve) តែបែរជាអនុញ្ញាត​ឱ្យអ្នកទាំងពីរ​នាក់​​នេះចុះចាញ់​ ដោយសារតែ​​ការលួងលោម​របស់សាតាន់ រហូតដល់​បំផ្លាញ​ខ្លួន​ឯង​ទៅវិញ។

លោកឌូតឺតេ បានលើកឡើងថា «នរណាជាព្រះឆ្កួត​ល្ងីល្ងឺនេះ? កូនមី.... គឺពិតជាឆ្កួតបំផុត។ ដូច្នេះតើអ្នក​អាចពន្យល់ពីព្រះបាន យ៉ាង​ដូចម្ដេច ហើយតើ​អ្នកជឿ​ដែរ​ឬទេ?»។ ប៉ុន្តែ នេះមិនមែនជាលើកទីមួយឡើយ ដែលលោកឌូតឺតេប្រើពាក្យមិនសមរម្យបែបនេះ ដោយលោកផ្ទាល់ក៏ធ្លាប់ប្រើពាក្យមិនគួរគប្បី​លើអតីត​ប្រធានានាធិបតី​​អាមេរិក លោក បារ៉ាក់ អូបាម៉ា, ដូនជី ស្ត្រីជាប់ឃុំ និង​សម្ដេចប៉ាប​ផងដែរ៕