(ហាណូយ)៖ ទឹកជំនន់ និងគ្រោះរអិលបាក់ដីបង្កឡើងដោយការធ្លាក់ភ្លៀងធំ កាលពីអំឡុងចុងសប្តាហ៍មុន នៅតាមបណ្តាខេត្តខ្ពង់រាបភាគខាងជើងវៀតណាម បានផ្តាច់ជីវិតមនុស្សសរុបកើនដល់ ១៥នាក់ហើយ ខណៈ១១នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
បើតាមព័ត៌មានលម្អិតមនុស្ស ០៣នាក់ នៅខេត្តហាគាំង (Ha Giang) បានបាត់បង់ជីវិត ដោយសារផ្ទះរំលំសង្កត់ ១២នាក់ទៀតនៅខេត្តឡៃចូវ (Lai Chau) បានស្លាប់ដោយសារគ្រោះរអិលបាក់ដី រលំផ្ទះ និងទឹកជំនន់។ គិតមកត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្សសរុប ១១នាក់ ត្រូវបានចុះក្នុងបញ្ជីជនបាត់ខ្លួន ដោយពួកគេមានទីលំនៅក្នុងខេត្ត Lai Chau ក្នុងនោះមាន ០៧នាក់នៅស្រុកស៊ីនហូ (Sin Ho)។
គួរជម្រាបថា គ្រោះមហន្តរាយធម្មជាតិខាងលើ ក៏បានបង្កឲ្យមនុស្ស ០៧នាក់រងរបួស នៅខេត្ត Lai Chau, បំផ្លាញផ្ទះ ៨៣ខ្នង, ធ្វើឲ្យខូចខាតផ្ទះ ១,៤៧០ខ្នង, បំផ្លិចបំផ្លាញដីស្រែ និងចម្ការផ្សេងទៀតសរុបជាង ១,២០០ហិកតា, សម្លាប់សត្វគោ-ក្របី ៩៧ក្បាល និងបក្សីចិញ្ចឹម ៥,៤០០ក្បាល, កាត់ផ្តាច់ស្ពាន, និងបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ នៅលើផ្លូវជាតិ និងផ្លូវថ្នល់ធំៗជាច្រើន។
សរុបមក ចាប់តាំងពីចុងសប្តាហ៍កន្លងទៅ គ្រោះទឹកជំនន់ និងរអិលបាក់ដី នៅខេត្តទាំង០៧ភាគខាងជើងវៀតណាម បានបង្កការខាតបង់ទ្រព្យសម្បតិ្តសាធារណៈគិតជាទំហំទឹកប្រាក់ប្រហែល ១៤១ពាន់លានដុង ស្មើនឹង ៦.២លានដុល្លារ៕