(អាមេរិក)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក ជែរី ប្រោន (Jerry Brown) បានប្រកាស State of Emergency (អាជ្ញាធរទទួលបានសិទ្ធិខុសពីសព្វមួយដង ដើម្បីដោះស្រាយគ្រោះមហន្តរាយ ភាពវឹកវរ និងជម្លោះប្រដាប់អាវុធ) សម្រាប់ហេតុការណ៍ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ នៅតំបន់ ឡេក ខោនធី (Lake County)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
អគ្គីភ័យខាងលើដែលគេឲ្យឈ្មោះថា ផរនី (Pawnee Fire) បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ និងបានដុតរោលលើផ្ទៃដី ៣២គីឡូម៉ែត្រក្រឡា ដោយពុំមានការទប់ស្កាត់បានឡើយសូម្បីតែបន្តិច ទោះភ្នាក់ងារពន្លត់អគ្គិភ័យយ៉ាងតិច ២៣០នាក់ កំពុងបន្តប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់នេះយ៉ាងណាក្តី។
ភ្លើងឆេះព្រៃនេះ បានបំផ្លិចបំផ្លាញអគារចំនួន ២២ខ្នង និងបង្កការគំរាមកំហែងដល់ផ្ទះ ៦០០ខ្នងថែមទៀត ខណៈប្រជាជនអាមេរិករស់នៅក្នុងតំបន់ប្រហែល ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព។ ម៉្យាងវិញទៀត វាក៏បានបង្កឲ្យមានការដាច់ចរន្តអគ្គិសនី និងបង្ខំឲ្យមានការបិទផ្លូវធ្វើដំណើរ ព្រមទាំងបន្តគំរាមកំហែងដល់ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធថែមទៀតផង។
គួរជម្រាបថា Pawnee Fire គ្រាន់តែជាភ្លើងឆេះព្រៃមួយក្នុងចំណោមហេតុការណ៍ភ្លើងឆេះព្រៃធំៗចំនួន ០៤ ដែលកំពុងឆាបឆេះ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ាប៉ុណ្ណោះ។ ភ្លើងឆេះព្រៃ ០៣ទៀតគឺ ស្តូល (Stoll Fire), ឡាណេ (Lane Fire), និង គ្រីក (Creek Fire) ដែលកំពុងគំរាមកំហែងនៅតំបន់ក្បែរខាង តេហេម៉ា ខោនធី (Tehama County) និង ហ្សាស្តា (Shasta County) បានដុតបំផ្លាញផ្ទៃដីជាង ១៨.២គីឡូម៉ែត្រក្រឡា។ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ទាំងនេះគឺជាការក្រើនរំលឹកថា រដូវកាលភ្លើងឆេះព្រៃ បានមកដល់ទៀតហើយ សម្រាប់តំបន់ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា៕