(ម៉ូស្គូ)៖ ខណៈភាពតានតឹងលើពិភពលោកកំពុងមានកម្រិតខ្ពស់ យោធាប្រទេសរុស្ស៊ី បាននិងកំពុងពិចារណាទៅលើគម្រោងអភិវឌ្ឍន៍សព្វាវុធមួយ ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ និងត្រូវបានបង្កើតឡើងដោយស្ថាបត្យករម្នាក់នៃគម្រោងអាវុធនុយក្លេអ៊ែររបស់អតីតសហភាពសូវៀត ដែលមានសមត្ថភាពក្នុងការបង្កើតរលកយក្សស៊ូណាមិសិប្បនិម្មិត ហើយបង្កមហាគ្រោះមហន្តរាយធ្ងន់ធ្ងរជាខ្លាំង នៅតាមតំបន់ក្បែរមាត់សមុទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្ត និងវិស្វករយោធារុស្ស៊ី កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើគំនិត នៃការបង្កើតមីស៊ីលក្រោមទឹកនុយក្លេអ៊ែរដ៏ធំមួយ ដែលត្រូវបានដាក់ចេញជាគម្រោងកាលពីទសវត្សរ៍ ១៩៥០ ដោយរូបវិទូនុយក្លេអ៊ែររបស់សូវៀត (រុស្ស៊ីបច្ចុប្បន្ន) លោក អាន់ឌ្រៃ សាខារ៉ូវ (Andrei Sakharov)។ នេះបើតាមសម្តីលោក សាមីល អាលីវ (Shamil Aliev) ដែលជាអ្នកជំនាញមួយរូបផ្នែកខាងរចនាមីស៊ីលក្រោមទឹករបស់រុស្ស៊ី។
យោងតាមលោក Aliev គំនិតរបស់លោក Sakharov អំពីការបង្កើតមីស៊ីលក្រោមទឹកបំពាក់ក្បាលនុយក្លេអ៊ែរ ដែលមានមុខកាត់ ១.៥ម៉ែត្រ និងប្រវែង ២៤ម៉ែត្រ ព្រមទាំងរយៈចម្ងាយវាយប្រហារ ៥០គីឡូម៉ែត្រ កំពុងស្ថិតក្រោមការគិតគូរពិចារណាឡើងវិញ។ លោក Aliev ចង់សំដៅទៅលើគម្រោងសព្វាវុធមួយមានឈ្មោះថា T-15 ដែលទាក់ទិននឹងការបង្កើតមីស៊ីលក្រោមទឹកទម្ងន់ ៤០តោន ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរកម្លាំង ១០០ម៉េហ្គាតោន។
គួរជម្រាបថា បើតាមការពន្យល់បកស្រាយរបស់អ្នកវិទ្យាសាស្រ្តខាងលើ គោលបំណងនៃសព្វាវុធដ៏មានអានុភាពនេះ គឺដើម្បីកម្ទេចគោលដៅនៅក្បែរមាត់សមុទ្រ តាមរយៈការបង្កើតការផ្ទុះចេញពីក្នុងទឹក និយាយរួមទៅគឺបង្កើតរលកយក្សស៊ូណាមិ ចេញពីការបំផ្ទុះមីស៊ីលក្រោមទឹកនោះ។ ម៉្យាងវិញទៀត គម្រោងសព្វាវុធនេះ ត្រូវមន្ទីរបញ្ចកោណចាត់ទុកថា ជាការគំរាមកំហែងយុទ្ធសាស្រ្តដ៏ធំបំផុតមួយ ចំពោះកំពង់ផែ មូលដ្ឋានយោធានៅក្បែរមាត់សមុទ្រ និងក្រុមនាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក៕