(ដាម៉ាស់)៖ ស្ថានីយទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា មីស៊ីលរបស់អ៊ីស្រាអែលពីរគ្រាប់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិទីក្រុងដាម៉ាស់កាលពីយប់អធ្រាតថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ទូរទស្សន៍រដ្ឋស៊ីរី មិនបានបញ្ជាក់ព័ត៌មានលម្អិតពាក់ពាក់នឹងជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែបើតាមការអះអាងពីក្រុមសកម្មជន សំឡេងផ្ទុះមួយបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ នៅមុនពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអះអាងថា មីស៊ីលអ៊ីស្រាអែលបានបង្កជា សំឡេងផ្ទុះមធ្យមមួយ។
ម្យ៉ាងវិញទៀត គោលដៅនៃការវាយប្រហារនេះ ក៏នៅមិនទាន់ត្រូវគេឱ្យដឹងនៅឡើយដែរ ដោយគ្រាន់តែគេដឹងថា អ៊ីស្រាអែលធ្លាប់បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើនដងរួចមកហើយ លើទីតាំងយោធាជាច្រើននៅក្នុងប្រទេសស៊ីរី ក្នុងនោះរួមមានទាំងអាកាសយានដ្ឋានទីក្រុងដាម៉ាស់ ដែលខ្លួនសង្ស័យថា ជាមូលដ្ឋានយោធារបស់កងកម្លាំងអ៊ីរ៉ង់៕