(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ខ្លួនកំពុងដំណើរការការស៊ើបអង្កេតមួយ លើករណីផ្ទុះអាវុធរវាងទាហាន និងប៉ូលិសហ្វីលីពីន ដែលបណ្ដោលឱ្យប៉ូលិស ០៦នាក់ស្លាប់ និង ០៩នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ទាហានហ្វីលីពីនជាច្រើននាក់ ដែលកំពុងដើរល្បាតបានបាញ់ប្រហារទៅលើ ប៉ូលិសល្បាតនៅម៉ោងប្រមាណ ៩៖២០នាទីព្រឹក ថ្ងៃចន្ទម្សិលមិញ នៅឯភូមិមួយក្នុងទីក្រុង សាន់តា រីតា (Santa Rita) ស្ថិតនៅខេត្ត សាម៉ារ (Samar) នៃ ភាគកណ្ដាលប្រទេសហ្វីលីពីន។ ហេតុការណ៍ផ្ទុះអាវុធនេះមានរយៈពេលដល់ទៅ ៣០នាទី និងបណ្ដាលឱ្យប៉ូលិស ០៦នាក់ស្លាប់ ហើយ ០៩នាក់ទៀតរងរបួស។
គួរបញ្ជាក់ថា មូលហេតុនៃការផ្ទុះអាវុធខាងលើ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយ ដោយគ្រាន់តែគេដឹងថា គា្មនទាហានណាម្នាក់ស្លាប់ និងរបួសនោះទេ។ រីឯប៉ូលិស និងទាហានហ្វីលីពីនបានសន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ដើម្បីកំណត់មូលហេតុ និងអ្នកទទួលខុសត្រូវ៕