(ម៉ូស្គូ)៖ បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាដកកងទ័ពអាមេរិកចេញក៏ដោយ ក៏របាយការណ៍មួយបង្ហាញថា យោធាអាមេរិក និងសម្ព័ន្ធមិត្តដូចជាអ៊ីស្រាអែល បារាំង អង់គ្លេស ហ្ស៊កដានី និងប្រទេសមួយចំនួននៅក្នុងឈូងសមុទ្រពែកនៅតែបន្តគាំទ្រ និងផ្ដល់ជំនួយហិរញ្ញវត្ថុដល់ក្រុមសកម្មប្រយុទ្ធ ៥៤ក្រុម នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយទស្សនាវដ្ដី The American Conservative សហរដ្ឋអាមេរិក រុស្ស៊ី និងអង្គការសហប្រជាជាតិបានចាត់ទុកថា ក្រុមរណសិរ្ស al-Nusra ដែលមានសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា គឺជាអង្គការភេរវករ។ ប៉ុន្តែក្រោមហេតុផលមួយចំនួន ក្រុមសកម្មប្រយុទ្ធមួយនេះ និងក្រុមជីវពល FSA ឬកងទ័ពរំដោះស៊ីរី គំាទ្រដោយសហរដ្ឋអាមេរិក បែរជាលេចមុខក្នុងការប្រកៀកស្មាគ្នា ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរីទៅវិញ។
បន្ថែមពីលើនេះ ទស្សនាវដ្ដីដដែលក៏បានអះអាងដែរថា សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តបានផ្ដល់ការគំាទ្រ ដល់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ៥២ក្រុម តាមរយៈការផ្ដល់ហិរញ្ញវត្ថុ អាវុធ និងការបណ្ដុះបណ្ដាលជាដើម។
គួររំលឹកថា កាលពីខែមីនាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ដោយទុកឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត អារ៉ាប់រួមទទួលបន្ទុកជំនួសវិញ៕