(អឺរ៉ុប)៖ សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មលើមន្ត្រីសន្តិសុខមីយ៉ាន់ម៉ា០៧រូប ដោយចោទប្រកាន់ថាអ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមមន្ត្រីទូតអឺរ៉ុបជាច្រើននាក់ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីដដែល មន្ត្រីមីយ៉ាន់ម៉ាទាំង០៧នាក់នេះ នឹងត្រូវប្រឈមមុខនឹងការបង្កកទ្រព្យសម្បត្តិ ក៏ដូចជាជាប់បម្រាមក្នុង ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបបានបន្តពន្យាការហាមឃាត់ការផ្ដល់អាវុធ និងរាល់ការបណ្ដុះបណ្ដាល ឬក៏ការធ្វើកិច្ចសហប្រតិបត្តិការណាមួយជាមួយយោធាមីយ៉ាន់ម៉ា។
សូមជម្រាបថា ក្រៅតែពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៧ ក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីយោធា មីយ៉ាន់ម៉ាផងដែរ ជាការឆ្លើយតបនឹងការប្រើកម្លាំងហួសហេតុបង្រ្កាបជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine ដែលត្រូវ បានអង្គការសហប្រជាជាតិហៅថាជា«ការបោសសំអាតពូជសាសន៍»។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ា បានច្រានចោលរាល់ការចោទ ប្រកាន់ រីឯក្រុមមន្រ្តីអឺរ៉ុបខាងលើក៏មិនបានបញ្ជាក់ព័ត៌មានលម្អិតពីអ្នកទាំង០៧នាក់នោះនៅឡើយដែរ៕