(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា កុមារ ២,០៥៣នាក់ ដែលបានព្រាត់ប្រាសពីឪពុកម្ដាយរបស់ពួកគេ ក្រោមគោលនយោបាយអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ នៅតែបន្តជាប់ឃុំនៅឡើយ ខណៈពួកគេកំពុងស្វែងស្វះឱ្យកុមារទាំងជួបជុំគ្រួសារឡើង វិញ៕
២៖ ទីភ្នាក់អវកាស NASA បានបញ្ចេញគម្រោងរបស់ខ្លួនស្តីពីការទិញយកកំណាត់ម៉ាស៊ីនដំបូង សម្រាប់ស្ថានីយច្រកទ្វារអវកាស Gateway ដែលនឹងត្រូវកសាងឡើងនៅគន្លងគោចរជុំវិញឋានព្រះច័ន្ទ ចំពោះមុខការរិះគន់ជាច្រើនពីអវកាសយានិកជើងចាស់ និងអ្នកជំនាញមួយចំនួន៕
៣៖ សមាជិកចំនួន០៩ នៃសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទសប្តាហ៍នេះ នឹងធ្វើការសម្រេចជាផ្លូវការនូវគម្រោង «បង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប» ដោយមានចក្រភពអង់គ្លេស ជាអ្នកគាំទ្រចំណាត់ការនេះបានអះអាងថា ជាមធ្យោបាយដើម្បីរក្សាទំនាក់ទំនងយោធា ឲ្យនៅតែរឹងមាំជាមួយ EU នៅក្រោយ Brexit (ការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប)៕
៤៖ គ្រោះទឹកជំនន់ និងបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីអំឡុងចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្ស ០៧នាក់បាត់បង់ជីវិត និង១២នាក់បាត់ខ្លួន៕
៥៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ បានអះអាងថា លោកនឹងមិនទទួលយកជំនួយហិរញ្ញវត្ថុ ពីប្រទេសលោកខាងលិច មកកសាងប្រទេសឡើងវិញឡើយ ហើយថែមទាំងព្រមានផងដែរថា កងទ័ពស៊ីរី នឹងប្រើកម្លាំងវាយយកទឹកដីភាគខាងជើងមកវិញ បើសិនជាក្រុមឧទ្ទាមមិនព្រមចុះចាញ់៕
៦៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នឹងបំពេញដំណើរទស្សកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ទីក្រុងប៉េកាំង នៅក្នុងសប្ដាហ៍នេះ ខណៈភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើង ហើយសហរដ្ឋអាមេរិកត្រូវការការគាំទ្រពីចិនជាចំាបាច់ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕