(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Wall Street Journal បានឱ្យដឹងថា ក្រសួងរតនាគារជាតិអាមេរិក កំពុងបង្កើតច្បាប់មួយដែលមាន គោលបំណងរារាំងក្រុមហ៊ុនមានភាគហ៊ុនចិនយ៉ាងហោចណាស់ ២៥ភាគរយ ពីការទិញក្រុមហ៊ុនអាមេរិក នៅក្នុងវិស័យឧស្សហកកម្មបច្ចេកវិទ្យាសំខាន់ៗមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ផ្អែកលើប្រភពដឹងពីច្បាប់ថ្មីនេះដែលខ្លួនទទួលបាន Wall Street Journal បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក និងក្រសួងពាណិជ្ជកម្ម ក៏កំពុងរៀបចំផែនផងដែរក្នុងការទប់ស្កាត់ កុំឱ្យមានការលួចផ្ទេរបច្ចេកវិទ្យាអាមេរិក ទៅកាន់ប្រទេសចិន។ មិនតែប៉ុណ្ណោះគំរោងនេះ ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងពេលឆាប់ៗនេះ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុនអាមេរិកអាចនឹង មានឱកាសបញ្ចេញយោបល់ មុននឹងច្បាប់ថ្មីនេះចូលជាធរមាន ឬយ៉ាងនៅឡើយទេ។
គួរបញ្ជាក់ថា បើតាម Wall Street Journal គំនិតផ្ដួចផ្ដើមខាងលើត្រូវបានបង្កើតឡើង ក្រោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកចុះផ្សាយថា ទិន្នន័យសំងាត់ ៦១៤ gigabytes ស្ដីពីគំរោងអភិវឌ្ឍន៍មីស៊ីល supersonic ប្រឆាំងនាវាមុជទឹក ដែលគ្រោងនឹងត្រូវបំពាក់លើនាវាមុជទឹក នៃកងនាវាអាមេរិកនៅឆ្នាំ២០២០ ត្រូវបានក្រុម Hackers ចិនលួចយកទៅ។
លើសពីនេះទៅទៀត វាក៏មានគោលបំណងផងដែរ ដើម្បីបំផ្លាញផែនការយុទ្ធសាស្រ្ត «Made in China 2025» របស់ចិនដែលតាមរយៈយុទ្ធសាស្ត្រនេះ ទីក្រុងប៉េកាំងចង់ក្លាយ ជាប្រទេសឈានមុខគេក្នុងវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះរួមមានទាំងបច្ចេកវិទ្យាមនុស្សយន្ដ ស្រាវជ្រាវអវកាស និងថាមពលរថយន្ដដែលគ្មានការបំពុលដល់បរិស្ថានជាដើម ហើយដែលអាមេរិកធ្លាប់សម្តែងក្តីមិនពេញចិត្តជាខ្លាំង ព្រោះវានឹងបង្កបញ្ហាដល់សេដ្ឋកិច្ចអាមេរិក និងប្រទេសនានា៕