(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាក្នុងការស្តារឡើងវិញនូវ មធ្យោបាយធ្វើទំនាក់ទំនងយោធាអន្តរកូរ៉េ (ប៉ុស្តិ៍ទំនាក់ទំនងយោធាព្រំដែន) ឡើងវិញ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនៃមន្ត្រីយោធាថ្នាក់វរសេនីយឯកនៃប្រទេសទាំងពីរ នៅក្នុងអគារត្រួតពិនិត្យច្រកចេញចូលខាងទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចប្រជុំប្រកបដោយភាពវិជ្ជមានមួយទៀត ក្នុងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងជារួមកូរ៉េទាំងពីរ ក្នុងនោះមានទាំងការដាក់ឲ្យដំណើរការខ្សែទូរស័ព្ទបន្ទាន់ (Hotlines) និងប៉ុស្តិ៍ទំនាក់ទំនងយោធា នៃព្រំដែនភាគខាងជើង និងខាងលិចកូរ៉េទាំងពីរឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការពារជាតិកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា មន្ត្រីយោធានៃប្រទេសទាំងពីរ ក៏បានធ្វើការដោះដូរទស្សនគ្នាទៅវិញទៅមក អំពីភាពចាំបាច់ នៃការស្តារមធ្យោបាយធ្វើទំនាក់ទំនងយោធា នៃកូរ៉េទាំងពីរឡើងវិញផងដែរ ដោយវាត្រូវបានចាត់ទុកថា ជារឿងចាំបាច់ជាងអ្វីៗទាំងអស់ ដើម្បីអនុវត្តន៍ឲ្យបានទៅតាមកិច្ចព្រមព្រៀង ផាន់ម៉ុនចុម (Panmunjom) ដែលត្រូវបានចុះហត្ថលេខារួមដោយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានជួបគ្នានៅទីនេះ កាលពីចុងខែមេសា ឆ្នាំ២០១៨៕